អ៊ុយក្រែននិយាយថា៖ខ្លួនជាអ្នកសម្លាប់ មេបញ្ជាការកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី តែក្រុងម៉ូស្គូមិនធ្វើការអត្ថាធិប្បាយ

កងកម្លាំងពិសេសរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេបានសម្លាប់ឧត្តមនាវីកំពូលរបស់ទីក្រុងម៉ូស្គូនៅក្នុងតំបន់ Crimea រួមជាមួយនឹងមន្ត្រី 33 នាក់ផ្សេងទៀត នៅក្នុងការវាយប្រហារដោយមីស៊ីលកាលពីសប្តាហ៍មុនលើទីស្នាក់ការកណ្តាលនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីនៅក្នុងកំពង់ផែ Sevastopol នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣។

ខាងក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបភ្លាមៗនោះទេ នៅពេលដែលមានការសាកសួរដោយក្រុមការងាររបស់ Reuters ឱ្យបញ្ជាក់ ឬបដិសេធថា តើឧត្តមនាវីឯក Viktor Sokolov មេបញ្ជាការកងនាវាចរសមុទ្រខ្មៅ និងជាមន្ត្រីកងទ័ពជើងទឹកជាន់ខ្ពស់បំផុតម្នាក់របស់រុស្ស៊ី ត្រូវបានសម្លាប់។

បើទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរដែលតំឡើងដោយទីក្រុងម៉ូស្គូនៅទីក្រុង Sevastopol កំពុងចាត់វិធានការបន្ថែម ដើម្បីដោះស្រាយការវាយប្រហារដែលចេះតែមានការកើនឡើងពីខាងទីក្រុងគីវមកលើតំបន់គ្រីមៀ ដែលជាតំបន់សំខាន់មួយ ឬអាចនិយាយបានថាវាជាវេទិកាមួយនៃសង្គ្រាមរវាងប្រទេសទាំងពីរ ហើយការវាយបកនេះមួយរយៈចុងក្រោយនេះគឺកាន់តែខ្លាំងក្លាឡើង បើគិតចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសជាច្រើនដងរបស់ខ្លួនទៅលើអ៊ុយក្រែនក្នុងសង្រ្គាមរយៈពេល 19 ខែកន្លងមក។

ប្រសិនបើមានការបញ្ជាក់ដូចដែលទាហ៊ានអ៊ុយក្រែននិយាយពិតមែននោះ ការសម្លាប់របស់លោក Viktor Sokolov វានឹងក្លាយជាការវាយប្រហារដ៏សំខាន់បំផុតមួយរបស់ទីក្រុង Kyiv លើតំបន់គ្រីមៀ ដោយសារតែរុស្ស៊ីបានដណ្តើមយក និងដាក់បញ្ចូលពីអ៊ុយក្រែនក្នុងឆ្នាំ 2014 ។

កងកម្លាំងពិសេសរបស់អ៊ុយក្រែនបាននិយាយនៅលើសារ Telegram ថា “បន្ទាប់ពីការវាយប្រហារលើទីស្នាក់ការកណ្តាលនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី មន្រ្តីចំនួន 34 នាក់ ត្រូវបានបាត់បង់ជីវិតទាំងអស់ រួមទាំងមេបញ្ជាការកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីផងដែរ។ ក្នុងនោះផងដែរអ្នកកាន់កាប់ចំនួន 105 នាក់ផ្សេងទៀត បានរងរបួសធ្ងន់។

តែសម្រាប់ទីភ្នាក់ងារអ្នកយកព័ត៌មានរ៉យទ័រភ្លាមៗនោះគេមិនទាន់ដឹងច្បាស់ថា តើកងកម្លាំងពិសេសរបស់អ៊ុយក្រែនអាចរាប់ចំនួនអ្នកស្លាប់ និងរបួសក្នុងការវាយប្រហារនោះដោយរបៀបណានោះទេ។

បើយោងតាមទីភ្នាក់ងាររ៉យទ័រផ្ទាល់ពិតជាមិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេ។ ព្រោះភាគីនីមួយៗ មានពេលខ្លះក៏និយាយបំផ្លើសនៃការបាត់បង់សត្រូវក្នុងសង្គ្រាម ហើយបែរជានិយាយតិចតួចអំពីការខាតបង់របស់ខ្លួន។

ប្រទេសថៃបច្ចុប្បន្ន បានផ្តោតទៅលើភ្ញៀវបរទេសជាចម្បង

ប្រទេស​ថៃមាន​គោលដៅ​ដ៏​ពេញ​និយមមួយ ​ជា​យូរ​មក​ហើយ​ក្នុង​ចំណោម​អ្នក​ទេសចរណ៍ និង​អ្នក​ធ្វើ​ដំណើរ​ដែល​ស្នាក់​នៅ​យូរ រួម​ទាំង​ជនបរទេស និង​អ្នក​ចូល​និវត្តន៍ជាដើម នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣។

បច្ចុប្បន្នប្រទេសថៃ គឺជាប្រទេសមួយដែលសម្បូរទៅដោយអ្នកវិនិយោគចម្រុះជាតិសាសន៍កាន់តែច្រើនឡើង ដែលបង្កើតបានជាការិយាល័យក្រុមហ៊ុន និងមជ្ឈមណ្ឌលផលិតកម្មនៅក្នុងស្រុកបានរីកដុះដាល វាជាហេតុនាំឲ្យប្រទេសមួយនេះកំពុងទាក់ទាញពលករបរទេសដូចគ្នា។

ឥឡូវនេះផងដែរប្រទេសថៃកំពុងតែអភិវឌ្ឍនទៅលើទីក្រុងឧស្សាហកម្ម តំបន់ឆ្នេរ និងទីប្រជុំជនភ្នំ ដែលសាងសង់សម្រាប់សហគមន៍ជនបរទេស ជាពិសេសជនបរទេសចូលនិវត្តន៍។

នៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2023 ប្រទេសថៃមានជនបរទេសបានកើនឡើងដល់ 156,596 នាក់ ដែលក្នុងនោះជាងពាក់កណ្តាលរស់នៅក្នុងទីក្រុងបាងកក នេះបើយោងតាមក្រុមហ៊ុន Colliers Thailand និងនាយកដ្ឋានការងារ។

ចំពោះជនជាតិកំពូលទាំងបីវិញ គឺជនជាតិជប៉ុន ចិន និងឥណ្ឌាក្នុងឆ្នាំ 2022 ខណៈដែលរបាយការណ៍បង្ហាញថា ជនជាតិចិនកាន់តែច្រើនកំពុងបញ្ជាទិញខុនដូក្នុងប្រទេសថៃ។

ខាងអាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ខ្លួននឹងលះបង់គ្រប់យ៉ាង ដើម្បីឲ្យឆ្នាំ 2024 ទទួលបានភ្ញៀវជនបរទេសកាន់តែច្រើន។ លោកស្រី Thapanee Kiatphaibool អភិបាល TAT បាននិយាយថា ទីភ្នាក់ងារកំពុងរៀបចំសិទ្ធិសម្រាប់ជនបរទេស រួមទាំងអត្ថប្រយោជន៍ដែលពួកគេបានស្នើសុំជាច្រើនឆ្នាំកន្លងមកមានដូចជា៖ ការបញ្ចុះថ្លៃចូលឧទ្យានជាតិ និងការទាក់ទាញផ្សេងៗទៀតក្នុងអត្រាដូចគ្នាទៅនឹងជនជាតិថៃដែរ។

លោកស្រី Thapanee បាននិយាយថា ឆ្នាំនេះយើងនឹងប្រារព្ធពិធីមួយសម្រាប់ជនបរទេស ដែលអនុញ្ញាតឲ្យពួកគេអាចចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយដើម្បីបង្ហាញពីការងារ ព្រោះវាគឺជាកន្លែងដែលមានការរួមបញ្ចូលគ្នារវាងការងារ និងវិស្សមកាល ដោយយើងសង្កត់ធ្ងន់លើបរិយាកាសការងារតែមួយគត់នៅទីនេះ។

ចំពោះទីតាំងដែលយើងនឹងប្រព្រឹត្តគឺធ្វើនៅលើរមណីយដ្ឋានចំនួនបីដែលនៅស៊ូរ៉ាត់ថានីរួមមាន កោះសាមុយ កោះផាន់ណាន និងកោះតាវ  ហើយយើងនឹងបម្រើពួកគេទាំងនោះឲ្យបានល្អ ដើម្បីឲ្យពួកគេសរសេរពីបទពិសោធន៍ល្អដោយផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមនានា។

លោក Ratchaporn Poolsawadee ប្រធានសមាគមទេសចរណ៍កោះ Samui មានប្រសាសន៍ថា “ភ្ញៀវដែលស្នាក់នៅរយៈពេលយូរ និងកម្មករពីចម្ងាយត្រូវបានទាក់ទាញដោយធម្មជាតិដ៏ស្រស់ស្អាត និងវប្បធម៌ក្នុងស្រុក ក៏ដូចជាប្រភេទកន្លែងស្នាក់នៅផ្សេងៗគ្នាក្នុងតម្លៃជាច្រើនជម្រើសផ្សេងៗគ្នា។

លោក​បាន​និយាយ​ថា កោះ​ទាំង​បី​ខាងលើនេះ​ វាជា​ជម្រក​របស់​ប្រជាជន​ឌីជីថល​ប្រមាណ ១០.០០០-១៥.០០០ នាក់ ​ដែល​មាន​ទិដ្ឋាការ​ទេសចរណ៍ និង​ទិដ្ឋាការដែលមិន​មែនជាជន​អន្តោប្រវេសន៍។

លោកបានមានប្រសាសន៍ទៀតថា “អ្នកដើរទាន់សម័យឌីជីថល ពួកគេគឺជាភ្ញៀវដែលមានគុណភាពខ្ពស់ជាងគេ ហើយពួកគេទាំងនោះគឺជាអ្នកដែលជួយបញ្ចូលសាច់ប្រាក់ទៅក្នុងសេដ្ឋកិច្ចនៃកោះនេះយ៉ាងពិតប្រាកដ ខណៈដែលពួកគេចំណាយច្រើនជាងអ្នកស្រុក និងជួយបំពេញទីផ្សារក្នុងរដូវកាលដែលមានអ្នកទេសចរតិចតួច” ។ យ៉ាងណាមិញសម្រាប់ទីផ្សាទេសចរណ៍ថៃ អាចទទួលបានប្រាក់ចំនូលខ្ពស់ ជាងគេនោះ ភាគច្រើនទទួលបានពីភ្ញៀវ​ជនជាតិ​រុស្ស៊ី អង់គ្លេស និង​ជនជាតិ​បារាំង​ជាដើម។

សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​ជនជាតិ​រុស្ស៊ី​ជាច្រើន ​ត្រូវ​ធ្វើ​ដំណើរ​ទៅរស់នៅក្នុង​ប្រទេស​ថៃ​ដោយ​ស្នាក់នៅ​យូរ​ជាង​ធម្មតា​ព្រោះ​ពួកគេ​អាច​ធ្វើ​ការ​ពី​ចម្ងាយបាន។ 

យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បាននិយាយថា ជនជាតិរុស្ស៊ីបានជាប់ក្នុងចំណាត់ថ្នាក់លេខ 2 សម្រាប់ការផ្ទេរខុនដូទូទាំងប្រទេសក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ 2023 ដែលមាន 702 យូនីត ហើយវាមានតម្លៃ 2.55 ពាន់លានបាត។

លោកបានមានប្រសាសន៍ថា ទាក់ទងនឹងគ្រឿងបរិក្ខារ ចំនួនលំនៅដ្ឋាន ហាងកាហ្វេ និងកន្លែងធ្វើការរួមគ្នាកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដើម្បីបំពេញតម្រូវការកើនឡើងពីអ្នកកាន់ទិដ្ឋាការស្នាក់នៅរយៈពេលយូរ និងមិនមែនជាជនអន្តោប្រវេសន៍។

ទោះបីជាយ៉ាងណាក៏ដោយ លោក Ratchaporn បានសារភាពថា ក្នុងនោះក៏មានបញ្ហាជាមួយមនុស្សស្នាក់នៅលើសទិដ្ឋាការរបស់ពួកគេផងដែរ។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ យើង​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​បង្កើន​វិធានការ​សន្តិសុខបន្ថែមទៀត។

កម្មវិធីសិក្សារបស់សាលានៃប្រទេសរុស្ស៊ីទាំងអស់ ត្រូវតែសិក្សាពី​របៀបឲ្យ​ក្លាយ​ជា​យោធា​កាន់​តែ​ខ្លាំង

នៅពេលនេះសួនកុមាររបស់រុស្សីកំពុងក្លាយជាកន្លែងដង្ហែរក្បួន។ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ ស៊ីអិនអិន កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា នៅសាលាក្នុងរៀនដែលនៅក្បែរមហាលសមុទ្រប៉ាស៊ីហ្វិកទៅកាន់សមុទ្រខ្មៅ គឺមានក្មេងៗនៅថ្នាក់មត្តេយ្យទាំងអស់បានទៅរៀនដោយមិនពាក់ឯកសណ្ឋាន ហើយបែរជាទៅចូលរួមក្នុងការអនុវត្តការហែក្បួនកងទ័ពទៅវិញ។ ឥឡូវនេះផងដែរ ទាំងក្មេងៗនិងចាស់ៗត្រូវបានអាជ្ញាធរតម្រូវឲ្យរៀនពីរបៀបជីកលេណដ្ឋាន បោះគ្រាប់បែកដៃ និងបាញ់ដោយគ្រាប់រំសេវពិតៗ។

បច្ចុប្បន្ននៅក្នុងសាលារៀនស្ទើរទូទាំងប្រទេស ត្រូវបានគេបង្រៀនពីរបៀបបម្រើការនៅក្នុងកងកម្លាំងប្រដាប់អាវុធ ហើយថែមទាំងមានការលើកទឹកចិត្តចំពោះ “ក្រុមស្ម័គ្រចិត្ត” នៃក្មេងជំទង់ឲ្យចូលរួមយ៉ាងរឹងមាំលើគោលនយោបាយរបស់រដ្ឋាភិបាលខ្លួន ដោយទទួលយកការប្តូរកម្មវិធីសិក្សាជាតិ ក្នុងគោលបំណងបញ្ជាក់ពីការការពារជាតិមាតុភូមិ។

និយាយឱ្យខ្លី កូនចៅរបស់រុស្ស៊ីនៅពេលនេះកំពុងត្រូវបានរៀបចំសម្រាប់សង្គ្រាម។

ការសិក្សាពីវិធីសាស្ត្រនិងក្បួនសឹកសង្គ្រៀម នៅក្នុងសាលារៀនសាធារណៈរបស់រុស្ស៊ីបានរីកដុះដាលកាន់តែខ្លាំងឡើង គឺចាប់តាំងពី ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន តែវាមិនមែនជាការជំរុញការស្នេហាជាតិនោះទេ ប៉ុន្តែវាជាការបង្ខំដោយរដ្ឋាភិបាលនៅទីក្រុងមូស្គូ។

ការវិនិយោគមួយនេះវាពិតជាធំធេងណាស់ រដ្ឋមន្ត្រីក្រសួងអប់រំលោក Sergei Kravtsov បាននិយាយនាពេលថ្មីៗនេះថា ឥឡូវនេះមានក្លឹបប្រហែល 10,000 កន្លែង បានត្រូវគេហៅថា “យោធាស្នេហាជាតិ” គឺនៅក្នុងសាលារៀន និងមហាវិទ្យាល័យរបស់រុស្ស៊ី ហើយមនុស្សមួយភាគបួននៃមួយលាននាក់បានចូលរួមក្នុងការងារមួយនេះទាំងអស់។

ក្លឹបទាំងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដោយមានការរួមបញ្ចូលការកែប្រែរ៉ាឌីកាល់នៃកម្មវិធីសិក្សារបស់សាលា ក្រោមហេតុផលមួយថា វាជាការចាំបាច់លើតម្លៃយោធា-និងការស្នេហាជាតិ។ ហើយរាល់សៀវភៅប្រវត្តិសាស្រ្ត គឺត្រូវបានគេធ្វើបច្ចុប្បន្នភាព ថែមទាំងសង្កត់ធ្ងន់ថា យើងត្រូវតែទទួលបានជ័យជំនះព្រោះយើងជាយោធារុស្ស៊ី។

គួរបញ្ជាក់ថា កាលពីខែសីហា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដែលណែនាំវគ្គសិក្សាចាំបាច់ថ្មីនៅក្នុងសាលារៀន៖ “មូលដ្ឋានគ្រឹះនៃសន្តិសុខ និងការការពារជាតិមាតុភូមិ”។

ក្រសួងអប់រំជាបន្តបន្ទាប់បានផ្សព្វផ្សាយវគ្គសិក្សា ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះដើម្បីរួមបញ្ចូល ទៅកាន់អង្គភាពយោធាដោយដាក់ឈ្មោះថា “ហ្គេមកីឡាយោធា ” និងថ្នាក់រៀននៅលើយន្តហោះគ្មានមនុស្សបើកជាដើម។

កម្មវិធីខាងលើនេះ បច្ចុប្បន្ននៅក្នុងប្រទេសរុស្ស៊ីកំពុងតែសាកល្បង ហើយនឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ 2024 ក្នុងគោលបំណងជំរុញដល់សិស្សានុសិស្សឲ្យ “យល់ដឹង និងការទទួលយកសោភ័ណ្ឌភាពនៃឯកសណ្ឋានយោធា ពិធីយោធា និងប្រពៃណីប្រយុទ្ធ” នេះបើយោងតាមឯកសាររបស់ក្រសួងអប់រំដែលបង្ហាញដោយ សារព័ត៌មានឯករាជ្យរបស់រុស្ស៊ី។

បើយោងតាមអ្នកសង្កេតការណ៍របស់ ស៊ីអិនអិន បានរកឃើញថា ប្រវត្តិសាស្រ្តសម័យទំនើបរបស់រុស្ស៊ីក៏ត្រូវបានសរសេរឡើងវិញដែរ។ ហើយចំពោះសៀវភៅស្ដង់ដារ “ប្រវត្តិសាស្រ្តនៃប្រទេសរុស្ស៊ី” ឥឡូវនេះបែរជាមានស្ពាន Crimea នៅលើគម្របរបស់វា និងជំពូកថ្មីមួយដែលឧទ្ទិសដល់ប្រវត្តិសាស្រ្តថ្មីៗរបស់អ៊ុយក្រែន។ នៅក្នុងផ្នែកជាច្រើន ត្រូវបានដាក់ចំណងជើងថា “ការក្លែងបន្លំប្រវត្តិសាស្រ្ត” “ការរស់ឡើងវិញនៃពួកណាស៊ីស” “ណាស៊ីនិយមថ្មីអ៊ុយក្រែន” និង “ប្រទេសរុស្ស៊ីគឺជាប្រទេសនៃវីរបុរស” ។

លោក ពូទីន បាន ក្លែងបន្លំម្តងហើយម្តងទៀតចំពោះ ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនថាជា “បេសកកម្មពិសេស” ដើម្បីការពារថ្នាក់ដឹកនាំរបស់រុស្ស៊ី ដោយខ្លួនបានចងក្រងថាវាជាអំពើប្រល័យពូជសាសន៍ របស់ “ពួកណាហ្ស៊ី”(អ៊ុយក្រែន)។

លោកប្រធានាធិបតី ពូទីន បានដឹកនាំយុទ្ធនាការនេះ ដើម្បីចាក់បញ្ចូលទៅក្រុមស្នេហាជាតិ ដោយផ្តើមចេញពីនៅក្នុងសាលារៀនរបស់រុស្ស៊ី។  គោលនយោបាយរបស់វិមានក្រឹមឡាំងក្នុងខែនេះ គឺជាការនិយាយប្រាប់ក្មេងៗ អំពីសំបុត្រមួយច្បាប់ដែលជីតារបស់គាត់បានផ្ញើទៅឪពុករបស់គាត់ ដែលកំពុងប្រយុទ្ធនឹងពួកណាស៊ីសក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។

លោកពូទីនបានបន្តថា៖ «ខ្ញុំបានដឹងថាហេតុអ្វីបានជាយើងឈ្នះសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ។ មនុស្ស​ដែល​មាន​អាកប្បកិរិយា​បែប​នេះ​មិន​អាច​ចាញ់​គេ​បាន​ឡើ ដូចជា​យើងនៅពេល​ឥឡូវ​នេះអញ្ចឹង»។

កូរ៉េខាង ជើងនិយាយថា កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីដើម្បីតែមិត្តភាពប៉ុណ្ណោះ

ប្រទេសកូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួននឹងធ្វើការថ្កោលទោសទៅលើប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ចំពោះការរិះគន់កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយនឹងទីក្រុងមូស្គូ គឺបន្ទាប់ពីដំណើរទស្សនកិច្ចរបស់មេដឹកនាំលោក គីម ជុងអ៊ុន នៅប្រទេសរុស្ស៊ីដោយនិយាយថា វាជា “កក្តាធម្មជាតិ” និង “ធម្មតា” សម្រាប់អ្នកជិតខាងក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធចំពោះគ្នា នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា លោក Yoon បាននិយាយបែបនេះនៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន ដោយលោកបានប្រកាសថា ប្រសិនបើរុស្ស៊ីជួយកូរ៉េខាងជើងបង្កើនកម្មវិធីអាវុធរបស់ខ្លួនជាថ្នូរនឹងជំនួយសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន នោះវានឹងជា “ការបង្កហេតុដោយផ្ទាល់” តែម្តង ។

បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA របស់ប្រទេសកូរ៉េខាងជើងវិញបានសរសេរថា លោក Yoon មានចេតនាបង្កាច់បង្ខូចកិច្ចសហប្រតិបត្តិការមិត្តភាពរបស់ខ្លួនជាមួយរុស្ស៊ីយ៉ាងច្បាស់ ហើយសារព័ត៌មានមួយនេះបានសរសេរទៀតថា លោក Yoon កំពុងតែបម្រើការឲ្យសហរដ្ឋអាមេរិក ទើបលោកនិយាយដូច្នេះ ។

ចំពោះលោក គីម ជុងអ៊ុនបានឆ្លើយតបនឹងប្រធានាធិបតីខាងត្បូងវិញថា  “វាជារឿងធម្មតាទេ ព្រោះសម្រាប់ប្រទេសជិតខាង គឺមានទួនាទីថែររក្សាទំនាក់ទំនងចំពោះគ្នាទៅវិញទៅមក ហើយក៏គ្មានហេតុផលណាមួយដើម្បីហៅការអនុវត្តបែបនេះទៅជាគណនីដូចលោក Yoon គិតនោះដែរ”។

លោក គីម បានមកដល់ផ្ទះវិញកាលពីសប្តាហ៍មុន បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ទៅកាន់ប្រទេសរុស្ស៊ី ដែលលោក និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចនៃប្រទេសដែលប្រកាន់យករបបកុម្មុយនីស។

ប៉ុន្តែជំនួបរវាង មេដឹកនាំផ្តាច់ការទាំងពីរនេះ គឺវាបានបង្ករឲ្យរដ្ឋមន្ត្រីរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា រុស្ស៊ីអាចកំពុងព្យាយាមទិញគ្រាប់រំសេវពីកូរ៉េខាងជើង ដើម្បីបន្តរសង្គ្រាមរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន ខណៈដែលទីក្រុងព្យុងយ៉ាងកំពុងតែស្វែងរកជំនួយផ្នែកបច្ចេកវិទ្យាសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។

គួររំលឹកថារាល់សកម្មភាពណាមួយដែលជួយដល់កម្មវិធីអាវុធរបស់កូរ៉េខាងជើង គឺត្រូវបានហាមឃាត់ក្រោមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំងអស់។

បើទោះជាយ៉ាងណាក៏ដោយ រាល់ការអត្ថាធិប្បាយរបស់លោក គីម តែងតែបញ្ជាក់ថា “គោលនយោបាយការបរទេសរបស់កូរ៉េខាងជើង នឹងមិនចងភ្ជាប់ជាមួយអ្វីទាំងអស់ ហើយវាគ្រាន់តែជាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងជិតស្និទ្ធនឹងបន្តរីកចម្រើនកាន់តែខ្លាំង” ។ កូរ៉េខាងជើង គឺជាឈ្មោះផ្លូវការរបស់កូរ៉េខាងជើង គឺសាធារណរដ្ឋប្រជាមានិតកូរ៉េ។

scroll to top