ពួក Hacker ជនជាតិ​ចិន ​បាន​លួចចូលអ៊ីមែល របស់​នាយកដ្ឋាន​រដ្ឋ​នៃសហរដ្ឋ​អាមេរិក

នៅក្នុងទីក្រុងវ៉ាស៊ីនតោន មានបុគ្គលិកព្រឹទ្ធសភាម្នាក់បាននិយាយប្រាប់អ្នកយកព័ត៌មាន Reuters នៅថ្ងៃពុធទី 27 ខែកញ្ញាថា ពួក Hacker ជនជាតិចិនបាន Hack ចូលទៅក្នុងគណនីអ៊ីមែល ក្រុមហ៊ុន Microsoft រាប់ម៉ឺនគណនី ដែលជារបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

ក្នុងសន្និសីទខ្លីមួយដែលមានការចូលរួមដោយមន្ត្រី IT របស់ក្រសួងការបរទេសបាននិយាយថា មន្ត្រី IT បានប្រាប់សមាជិកសភាថា អ៊ីមែលចំនួន 60,000 គណនី ត្រូវបានគេលួចចូលទៅប្រមូលទិន្នន័យពីគណនីរបស់ក្រសួងការបរទេសចំនួន១០ រូប ។ ប៉ុន្តែក្នុងចំណោមមន្ត្រីចំនួន៩ នាក់ក្នុងចំណោមនោះ គឺពួកគេកំពុងធ្វើការនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ហើយម្នាក់ទៀតធ្វើការនៅអឺរ៉ុប នេះបើយោងតាមសេចក្តីលម្អិតសង្ខេបដែលបានចែករំលែកតាមរយៈអ៊ីមែលដោយបុគ្គលិកដែលសុំមិនបញ្ចេញឈ្មោះ។

មន្ត្រីអាមេរិក និងក្រុមហ៊ុន Microsoft បាននិយាយ កាលពីខែកក្កដាថា ពួក Hacker គឺបានតភ្ជាប់ពីរដ្ឋរបស់ចិនចាប់តាំងពីខែឧសភាមកម្ល៉េះ បន្ទាប់មកពួកគេទាំងនោះបានចូលប្រើគណនីអ៊ីម៉ែលប្រហែលជា 25 ស្ថាប័ន រួមទាំងក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេសសហរដ្ឋអាមេរិកផងដែរ។ បើទោះជាមានការបញ្ជាក់យ៉ាងនេះក្តី​ តែចំពោះវិសាលភាពនៃការសម្របសម្រួលវិញនៅតែមិនទាន់ច្បាស់លាស់។

ការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា ចិនជាអ្នកនៅពីក្រោយការរំលោភនេះបានធ្វើឱ្យទំនាក់ទំនងដ៏តានតឹងរវាងប្រទេសទាំងពីរមានភាពតានតឹងរួចទៅហើយ ក៏ទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់នេះដែរ។

បុគ្គលរបស់ក្រសួងការបរទេស បាននិយាយថាការងារដែលពួកគេបានប្រើប្រាស់នៅក្នុងអ៊ីមែលភាគច្រើន គឺផ្តោតលើកិច្ចខិតខំប្រឹងប្រែងការទូតនៅឥណ្ឌូប៉ាស៊ីហ្វិក ហើយពួក Hacker ក៏ទទួលបានបញ្ជីដែលមាននៅក្នុងអ៊ីមែលទាំងអស់របស់នាយកដ្ឋាននេះ។

ការជ្រៀតចូល​ដ៏​ធំ​នេះ គឺគេបាន​ផ្តោតទៅលើ​ការ​យក​ចិត្ត​ទុក​ដាក់ និង​តួនាទី​ដ៏​ធំ​របស់ Microsoft ក្នុង​ការ​ផ្តល់​សេវា IT ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។ ឥឡូវនេះផងដែរ ខាងក្រសួងការបរទេសបានចាប់ផ្តើមផ្លាស់ប្តូរទៅបរិយាកាសវិញដើម្បីធ្វើឱ្យល្អប្រសើរជាងមុន។

អ្នក​នាំពាក្យ​ក្រុមហ៊ុន Microsoft មិន​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗ​អំពី​ការ​សង្ខេប​របស់​ព្រឹទ្ធសភា​នោះទេ។ បើទោះជាក្រុមហ៊ុនដែលបាន ប្រឈមមុខនឹងការរិះគន់ លើការអនុវត្តសុវត្ថិភាពរបស់ខ្លួនក៏ដោយ។

អ្នក​នាំពាក្យ​ក្រុមហ៊ុន Microsoft គ្រាន់តេនិយាយថា ក្រុម Hacker លួចចូលទៅក្នុងអ៊ីមែល ពីក្រោយពួកគេដែលមានឈ្មោះថា Storm-0558 ព្រោះឈ្មោះមួយនេះវាបានលួចចូលទៅក្នុងគណនីអ៊ីមែល ដែលដំណើរការលើកម្មវិធី Outlook ។

បើទោះជាមានការបកស្រាយយ៉ាងនេះក្តី ក៏ក្រសួងការបរទេសមិនបានឆ្លើយតបភ្លាមៗនូវសារដែលស្វែងរកការអត្ថាធិប្បាយទេកាលពីថ្ងៃពុធនោះឡើយ។

របបយោធាមីយ៉ាន់ម៉ា បានវាយប្រហារតាមអាកាស និងការសម្លាប់រង្គាល ដើម្បីកាត់បន្ថយចំនួនប្រជាជន

នៅក្នុងទីក្រុង ហ្សឺណែវ លោក Volker Türk ដែលជាស្នងការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិទទួលបន្ទុកលើសិទ្ធិមនុស្សកំពុងអំពាវនាវឱ្យមានសកម្មភាពអន្តរជាតិដើម្បីបញ្ចប់របបឃោរឃៅ និងគាបសង្កត់កាន់តែខ្លាំងឡើងនៃយោធាមីយ៉ាន់ម៉ា ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសកាលពីថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2021 នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងរបាយការណ៍មួយដែលបានដាក់កាលពីថ្ងៃអង្គារទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានព្រមានថារបបយោធាមីយ៉ាន់ម៉ាបាន “ពង្រីកបន្ថែមទៀតនូវការវាយប្រហាររបស់ខ្លួន” ក្នុងការប្រឆាំងនឹងប្រជាជនស៊ីវិល។ ហើយរបាយការណ៍នេះគឺវាបានបង្ហាញតាំងពីពេលចាប់ផ្តើមកាលពីថ្ងៃទី 1 ខែមេសា ឆ្នាំ 2022 ដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2023។

ស្នងការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិទទួលបន្ទុកលើសិទ្ធិមនុស្សបាននិយាយថា “អ្វីដែលជនស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ាប្រឈមមុខនៅពេលនេះ គឺពួកគេកំពុងតែរស់នៅជាមួយនឹងប្រព័ន្ធនៃការគាបសង្កត់យ៉ាងឃោរឃៅ ដែលត្រូវបានរចនាឡើងដើម្បីបង្ខិតបង្ខំ និងបង្ក្រាបប្រជាជនរបស់ខ្លួន និងដើម្បីបំផ្លាញសង្គម ដើម្បីតែការទទួលបានផលប្រយោជន៍ដ៏តូចចង្អៀតរបស់របបយោធាតែប៉ុណ្ណោះ។

«ជារៀងរាល់ថ្ងៃ ប្រជាជនមីយ៉ាន់ម៉ាកំពុងស៊ូទ្រាំនឹងការវាយប្រហារដ៏គួរឱ្យរន្ធត់ ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងការដួលរលំនៃជីវភាពរស់នៅ និងក្តីសង្ឃឹមរបស់ពួកគេ»។

ចាប់តាំងប្រធានអង្គការសិទ្ធមនុស្សបានបញ្ជូនរបាយការណ៍ចុងក្រោយទៅកាន់ ស្នងការជាន់ខ្ពស់លោកបាននិយាយថា ស្ថានភាពនៅក្នុងប្រទេសកាន់តែយ៉ាប់យ៉ឺនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងការវាយប្រហារដោយយោធាមិនចេះស្រាកស្រាន ដែលនាំ”ឱ្យមានវិបត្តិសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ” ព្រមទាំងបង្កឲ្យមានចំនួនអ្នកស្លាប់ ដោយសារតែពួកគេមិនអាចទ្រាំទ្របាន។

បើយោងតាមប្រភពគួរឱ្យទុកចិត្តមួយ បានបង្ហាញថា យ៉ាងហោចណាស់ចំនួនអ្នកស្លាប់គឺមានរហូតដល់ 4,108 នាក់ ដែលបានស្លាប់នៅក្នុងដៃរបស់យោធា និងក្រុមសាខារបស់ខ្លួន។

ប្រភពដដែលបាននិយាយទៀតថា “យុទ្ធសាស្ត្រយោធាជាក់លាក់ចំនួនបីត្រូវបានតម្រង់ជាប្រព័ន្ធប្រឆាំងនឹងប្រជាជនស៊ីវិលដោយជាការវាយប្រហារ៖ តាមអាកាស ការសម្លាប់រង្គាល និងការដុតភូមិជាដើម។

ក្នុងអំឡុងពេលនៃការរាយការណ៍ ប្រធានអង្គការសិទ្ធមនុស្សនិយាយបន្តទៀតថា យោធារបស់ប្រទេសមួយនេះបានធ្វើការវាយប្រហារតាមអាកាសចំនួន 687 ដង“ច្រើនជាងពីរដងនៃចំនួនដែលបានធ្វើឡើងក្នុងរយៈពេល 14 ខែបន្ទាប់ពីរដ្ឋប្រហារ” ។ ហើយនៅក្នុងរបាយការណ៍បានចងក្រងទៀតថា ការសម្លាប់រង្គាលដោយរបបយោធាគឺមានចំនួន 22 លើក។ យើងមានសាក្សីជាច្រើនបាននិយាយរៀបរាប់ពីវិធីសាស្រ្តដែលយោធាប្រើដើម្បីសម្លាប់ប្រជាជនខ្លួនថា ពួកយោធាបានធ្វើឱ្យជនរងគ្រោះទទួលការឈឺចាប់ “ដោយការដុតពួកគេទាំងរស់ កាត់ក្បាល រំលោភ” និងប្រើអ្នកភូមិដែលនៅរស់ចាប់ពង្រត់ដើម្បីការពារខ្លួនពីការវាយប្រហារដោយគ្រាប់មីន។

ប្រធានអង្គការសិទ្ធមនុស្សបាននិយាយថា “អ្វីទាំងនេះគឺជាអំពើអមនុស្សធម៌នៅក្នុងទម្រង់ដ៏អាក្រក់បំផុតរបស់វា។ លោកបានបន្ថែមមទៀតថា របាយការណ៍ដែលខ្ញុំទទួលបាននេះនិយាយថា នីតិរដ្ឋរបស់ជនស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានរលាយបាត់ទៅហើយ យើងអាចនិយាយបែបនេះ ដោយយើងបានកត់សម្គាល់ថាមនុស្សជិត 25.000 នាក់ត្រូវបានពួកយោធាចាប់ខ្លួន ជាង 19.000 នាក់ ត្រូវយោធាយកទៅឃុំខ្លួន និង 150 នាក់ទៀត ត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការដែលគ្រប់គ្រងដោយយោធា។

បើទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកសារព័ត៌មិនអាចទទួលបានការអត្ថធិប្បាយពីមីយ៉ាន់ម៉ា​លើ​របាយការណ៍​នេះ​ទេ។ 

ប៉ុន្តែប្រធានអង្គការសិទ្ធមនុស្សនៅតែប្រកាន់គោលជំហររបស់លោកថា ជនល្មើសនៃឧក្រិដ្ឋកម្មរបស់យោធាមីយ៉ាន់ម៉ា ត្រូវតែទទួលខុសត្រូវ។

លោក​បាន​មាន​ប្រសាសន៍ជាចុងក្រោយ​ថា “ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​ការ​អំពាវនាវ​របស់​ខ្ញុំ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បញ្ជូន​ស្ថានភាព​នេះ​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដើម្បីចាត់វិធានការឲ្យបានឆាប់រហ័សបំផុត។

អាជ្ញាធររបស់ប្រទេសថៃ បានធ្វើការ​បង្ក្រាប​ពលករ​ចំណាក​ស្រុកដោយខុសច្បាប់ និងឲ្យត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ

យោង​តាម​នាយកដ្ឋាន​ការងារ​បាន​ឲ្យ​ដឹង​ថា ជន​ចំណាក​ស្រុក​ជាង ៣ ពាន់​នាក់​ត្រូវ​បានអាជ្ញាធររបស់ប្រទេសថៃ​ចាប់​ខ្លួន ដោយតែពួកគេទាំងនោះមក​ធ្វើ​ការ​ដោយ​គ្មាន​លិខិត​អនុញ្ញាត ខណៈ​ដែលថ្នាក់ដឹកនាំកំពុងតែរៀបចំផែនការ​ហាម​ឃាត់​ពលករ​បរទេស នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ត កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣។

បើគិតចាប់តាំងពីខែតុលាឆ្នាំមុនរហូតមកដល់ថ្ងៃច័ន្ទសប្តាហ៍នេះ ខាងនាយកដ្ឋានបានត្រួតពិនិត្យបានចុះឆែកឆេរដោយចៃដន្យនូវកន្លែងធ្វើការចំនួន 53,732 កន្លែង បានឲ្យដឹងថា ពួកគេបានជួលកម្មករចំណាកស្រុកខុសច្បាប់។

ទីភ្នាក់ងារ​នេះ​បាន​រក​ឃើញទៀត​ថា ពលករ​ចំណាក​ស្រុក​ចំនួន ៣.៤៦៤ នាក់​បាន​ធ្វើ​ការ​ដោយ​គ្មាន​ការ​អនុញ្ញាតទាំងអស់។

ក្នុងចំណោមពលករទាំងរួមមានកម្មករចំនួន ​១៨៥០​នាក់ គឺ​មក​ពីប្រទេស​មីយ៉ាន់ម៉ា ហើយ ៦៣៦ ​នាក់ ​មក​ពី​ប្រទេសកម្ពុជា​  ៥៦២​នាក់​ មក​ពីប្រទេស​ឡាវ​ ហើយ១៤៥​នាក់​មក​ពី​ប្រទេស​វៀតណាម ​និងប្រទេសជិតខាង​ផ្សេង​ទៀត​។ យ៉ាងណាមិញសម្រាប់កម្មករ​ចំនួន ១.៦៣៤ នាក់​ផ្សេងទៀត គឺ​កំពុង​តែធ្វើ​ការងារ នៅកន្លែង​ដែល​យើងកំពុងតែហាមប្រាម​សម្រាប់​ជនចំណាកស្រុកថែមទៀតផង។

លោក Pairoj Chotikasathien អគ្គនាយកនៃនាយកដ្ឋានបាននិយាយថា ការងារចំនួន 40 កន្លែងត្រូវបានសួងការងារមិនអនុញ្ញាតនឱ្យផ្តល់ជូនដល់ជនចំណាកស្រុកនោះទេ។ ហើយក្នុងចំណោមការងារគ្មានដែនកំណត់ចំនួន 40 នោះរួមមាន ជាងកាត់សក់  សេវាដឹកជញ្ជូនសាធារណៈ អ្នកម៉ាស្សា និងអ្នកមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។

លោក Pairoj បាននិយាយថា ជនចំណាកស្រុកភាគច្រើនដែលគ្មានការអនុញ្ញាត និងអ្នកដែលធ្វើការហាមឃាត់ត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក និងខេត្តសំខាន់ៗដូចជា Nonthaburi, Chiang Mai, Chon Buri, Nakhon Pathom និង Ranong។

លោក Pairoj បាននិយាយទៀតថា ជនចំណាកស្រុកដែលត្រូវបានអាជ្ញាធរបានរកឃើញនៅក្នុងធ្វើការដែលត្រូវបានក្រសួងការងារហាមឃាត់ចំនួន 40 កន្លែងនោះ គឺត្រូវប្រឈមមុខនឹងការផាកពិន័យចាប់ពី 5,000 ទៅ 50,000 បាត។

ហើយជាពិសេសជាងនេះទៅទៀត កម្មករចំណាកស្រុកដោយខុសច្បាប់ទាំងនោះ ពួកយើង​នឹង​ត្រូវ​និរទេស​ពួកគេឲ្យត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ព្រមទាំង​ត្រូវ​បាន​ហាមឃាត់​ការងារ​ក្នុង​ប្រទេស​ថៃ​រយៈពេល​ពីរ​ឆ្នាំថែមទៀតផង។

ភ្លើងបានឆាបឆេះនៅក្នុង ពិធីមង្គលការមួយ នៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយវាបានសម្លាប់មនុស្សយ៉ាងតិច ១០០ នាក់

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ 100 នាក់បានស្លាប់ និង 150 នាក់ផ្សេងទៀតបានរងរបួស ហើយក្នុងកូនក្រមុំ និងកូនកំលោះត្រូវបានគេរាយការណ៍ថា ក៏ស្ថិតក្នុងចំណោមជនរងគ្រោះផងដែរ គឺបន្ទាប់ពីអគ្គីភ័យបានឆាបឆេះនៅក្នុងពិធីមង្គលការមួយនៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ ស៊ីអិនអិន កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣។

បើយោងតាមប្រភពដដែលខាងលើបាននិយាយថា អគ្គីភ័យបានកើតឡើងនៅក្នុងស្រុក Al-Hamdaniya ក្នុងខេត្ត Nineveh ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ កាលពីល្ងាចថ្ងៃអង្គារ។ ប៉ុន្តែគេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការ​ឆាបឆេះ​នោះ​ទេ យ៉ាងណាមិញវាក៏មាន​សេចក្តីរាយការណ៍​ដំបូង​បាន​និយាយ​ថា អគ្គីភ័យនេះវាអាចកើតឡើង ​បន្ទាប់​ពីមានការផ្ទុះនៃ​កាំជ្រួចដែល​ត្រូវ​បាន​គេបាញ់​បំភ្លឺ ។

ក្រុមអ្នកយកព័ត៌មានបានទទួលបាន រូបថតមួយសន្លឹកដែលបង្ហោះដោយទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់ Nina ដោយបង្ហាញពីអ្នកពន្លត់អគ្គីភ័យរាប់សិបនាក់កំពុងប្រយុទ្ធនឹងភ្លើងឆេះ ហើយក៏មានរូបភាពពីក្រុមអ្នកកាសែតក្នុងស្រុកបានបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅទិដ្ឋភាពសំណល់ពីការឆេះចេញពីសាល។

ចំពោះអ្នកជំនាញបាននិយាយថា បន្ទះដែលអាចឆេះបាននៅក្នុងអាគារប្រហែលជាបានជួយអណ្តាតភ្លើងឲ្យកាន់តែរាលដាល។ ព្រោះនាយកដ្ឋានការពារជនស៊ីវិលរបស់ប្រទេសអ៊ីរ៉ាក់ បានពន្យល់ថា “អគ្គីភ័យបាននាំឱ្យមានការដួលរលំនៃផ្នែកខ្លះនៃសាលនេះ ជាលទ្ធផលនៃការប្រើប្រាស់សម្ភារសំណង់ដែលងាយឆេះខ្លាំង និងមានតម្លៃទាប ដែលដួលរលំក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ នៅពេលអគ្គីភ័យបានឆាបឆេះ” ។ .

នៅព្រឹកថ្ងៃបន្ទាប់ ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែព្យាយាមស្វែងរកមនុស្សនៅកន្លែងបាក់បែកនៃអគារនោះផងដែរ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងាររ៉យទ័រ។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកបាននិយាយថា មនុស្សរាប់រយនាក់នៅទីនោះបានប្រារព្ធពិធីនៅពេលដែលអគារនេះបានឆេះនៅម៉ោងប្រហែល 10:45 ម៉ោងក្នុងស្រុក (19:45 GMT) ។

បុរសម្នាក់មានអាយុ 34 ឆ្នាំ ដែលបានរត់គេចពីបន្ទប់នោះ បាននិយាយថា “យើងបានឃើញភ្លើងឆេះចេញពីសាល។  ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ផ្លូវការបាននិយាយ​ថា រថយន្ត​សង្គ្រោះ និង​ក្រុម​គ្រូពេទ្យ​ត្រូវ​បាន​អាជ្ញាធរ​អ៊ីរ៉ាក់​បញ្ជូន​ទៅ​កាន់​កន្លែង​នោះស្ទើទាំងអស់។

អភិបាលតំបន់បានប្រាប់ INA ថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទូទាំងតំបន់ Nineveh ។ លោក​បានបន្តទៀតថា ក្នុងករណីនេះចំនួន​អ្នក​ស្លាប់ និង​របួសយើងនៅ​មិន​ត្រូវ​បាន​កំណត់​ទេ ព្រោះថាចំនួន​អាច​នឹង​កើន​ឡើង។

កាលពីព្រឹកថ្ងៃពុធនេះគេសង្កេតឃើញថា នៅមន្ទីរពេទ្យធំក្នុងទីក្រុង Hamdaniya ដែលជាទីក្រុងមួយភាគខាងកើតនៃរដ្ឋធានី Mosul នៃតំបន់ មនុស្សរាប់សិបនាក់បានមកដល់ដើម្បីបរិច្ចាគឈាមដើម្បីជួយអ្នករបួស។

scroll to top