ទឹកជំនន់ ពីព្យុះទីហ្វុង Haikui បានបង្ករឱ្យមានការខូចខាតប្រមាណ ៧៥ លានដុល្លារ

ភ្លៀងបានធ្លាក់ខ្លាំងដោយសារតែសល់សំណល់ពីព្យុះទីហ្វុង Haikui បានបោកបក់មកលើភាគអាគ្នេយ៍នៃប្រទេសចិនកាលពីព្រឹកថ្ងៃពុធ ហើយវាក៏បាននាំមកនូវទឹកជំនន់ ជន់លិចទីក្រុងនានាក្នុងខេត្ត Fujian ដែលបង្ករឲ្យមានការបញ្ឈប់សេវាកម្មរថភ្លើងក្រោមដី ការបិទសាលារៀន ព្រមទាំងបានជម្លៀសមនុស្សរាប់ម៉ឺននាក់ឲ្យចាកចេញពីតំបន់ដែលមានហានិភ័យថែមទៀតផង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ០៦ ខែកញ្ញា​ ឆ្នាំ២០២៣។

មន្ត្រីឧតុនិយមបាននិយាយថា ភ្លៀងបានបំបែកកំណត់ត្រាចំនួន 12 ឆ្នាំចុងក្រោយនៅក្នុងទីក្រុង Fuzhou នៃខេត្ត Fuzhou ដោយបានជំរុញឱ្យមានការព្រមានថាអាងស្តុកទឹកចំនួន 49 បានលើសកម្រិតនៃការស្តុកទឹកជំនន់។

ទឹកជំនន់ដោយសារទឹកភ្លៀងបានធ្វើឲ្យមានមនុស្សជាង ៣៦.០០០ នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ហើយដីស្រែជិត ៤.១៩៥ ហិកតា (១០.៣៦៦ ហិចតា) ត្រូវបានជន់លិច ដែលបណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយការខូចខាតនេះបានប្រកាសដោយទូរទស្សន៍រដ្ឋថា គឺមានតម្លៃស្មើរនឹង  ៥៥២,១ លានយន់ (៧៥ លានដុល្លារ) ។

រូបភាពវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា ទឹកជំនន់បានជន់លិចតាមដងផ្លូវក្នុងទីក្រុង Fuzhou និងទីក្រុង Fuqing ភាគខាងត្បូងរបស់ខ្លួន ដោយបានធ្វើឲ្យមានការកកស្ទះម៉ូតូ រថយន្តបានជាប់គាំងនៅលើដងផ្លូវ ជាមួយនឹងធុងសំរាម ។

នៅក្នុងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញពីរថយន្តដែលលិចទឹក ហាង និងផ្ទះល្វែង ក៏ដូចជាការរអិលបាក់ដីជាដើម។

អ្នកព្យាករណ៍ជាតិបាននិយាយថា ហ្វូចូវបានទទួលភ្លៀងធ្លាក់រហូតដល់ 554 មីលីម៉ែត្រ (1.8 ហ្វីត) កាលពីថ្ងៃអង្គារ។ ចំនែកឯប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា វាជាចំនួនទឹកភ្លៀងដ៏ច្រើន គឺលើសពីបរិមាណដែលនាំមកដោយព្យុះទីហ្វុង Doksuri នៅចុងខែកក្កដាទៅទៀត។

បច្ចុប្បន្នទីក្រុង Fuzhou បានបិទផ្លូវរថភ្លើងក្រោមដី និងផ្អាកសេវាកម្មរថភ្លើង ខណៈដែលសាលារៀនបានបិទសម្រាប់ថ្ងៃទីពីរ។

ខាងកាសែត The Paper ដែលគាំទ្រដោយរដ្ឋ បានដកស្រង់សម្តីមន្ត្រីខេត្តម្នាក់ លោក Chen Yunong បាននិយាយថា ទឹកជំនន់បានវាយប្រហារទីក្រុងជាច្រើនក្នុងខេត្ត Fujian ដោយបង្ហាញពីភាពផុយស្រួយនៃការបង្ហូរទឹកនៅក្នុងទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

លោក Chen បាន​និយាយ​ថា ការ​លិច​ទឹក​ទាំង​ក្នុង​ទីក្រុង​ចាស់ និង​តំបន់​ទីក្រុង​ថ្មី​ត្រូវ​តែ​ដោះស្រាយជាបន្ទាន់។

សម្រាប់តំបន់ Putian និង Quanzhou ដែលស្ថិតក្នុងចំណោមទីក្រុងចំនួនប្រាំមួយកន្លែងផ្សេងទៀតនៅក្នុង Fujian ដែលត្រូវបានគេដាក់ទង់ថាមានហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី។ អភិបាល​ខេត្តបាននិយាយ​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​រៀបចំ​ការជម្លៀស​ប្រជាពលរដ្ឋ​ឲ្យចេញ​ពី​តំបន់​ដែល​ទំនង​ជា​រង​គ្រោះ​ខ្លាំង​ជាង​គេ។

ភ្លៀងត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃសុក្រនៅផ្នែកកណ្តាល និងភាគខាងត្បូងនៃខេត្ត ដែលព្យុះទីហ្វុង Haikui បានបោកបក់មកលើដីនៅព្រឹកថ្ងៃអង្គារ មុនពេលបាត់បង់កម្លាំង និងត្រូវបានបន្ទាបទៅជាព្យុះត្រូពិចវិញ។

ក្រុម​ធុរកិច្ច​បាននិយាយ​ថា ការ​ជំរុញ​ឲ្យមានការ​វិនិយោគ​ពីបរទេស នៅក្នុងប្រទេស​ចិន​នៅ​តែមានការ​ធ្លាក់​ចុះ

យោងតាមការចុះផ្សាយរបស់កាសែតចិននៅព្រឹក កាលពីថ្ងៃទី ០៦​ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា វិនិយោគិនបរទេសនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរឹតបន្តឹងនៃការក្តោបក្តាប់របស់ចិនលើបញ្ហាសន្តិសុខជាតិ ហើយពួកគេក៏កំពុងអំពាវនាវឱ្យមានតម្លាភាពកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងប៉េកាំង ដើម្បីកែលម្អបរិយាកាសអាជីវកម្ម ខណៈដែលពួកគេកំពុងតែរង់ការផ្លាស់ប្តូរខាងគោលនយោបាយការបរទេស និងវិធានការគាំទ្រអ្នកវិនិយោគ។

“ច្បាប់ឯកជនភាពទិន្នន័យថ្មី និងច្បាប់ប្រឆាំងចារកម្មបាននាំឲ្យក្រុមហ៊ុនអន្តរជាតិមួយចំនួនមិនអាចធ្វើប្រតិបត្តិការនៅប្រទេសចិនបាន គឺដោយសារតែមានការរារាំងការធ្វើសមាហរណកម្ម និងលំហូរ នៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ។

 លោក Noah Fraser នាយកគ្រប់គ្រង និងជាប្រធានតំណាងនៅក្រុមប្រឹក្សាធុរកិច្ចកាណាដាចិនបាននិយាយថា ការពិនិត្យឡើងវិញនូវបទប្បញ្ញត្តិទាំងនេះ គឺវាជារឿងចាំបាច់បំផុត” ហើយទីក្រុងប៉េកាំង ត្រូវតែធ្វើសមាហរណកម្ម និងបើកចំហឱ្យកាន់តែមានភាពល្អប្រសើរឡើងជានេះ ទាំងនៅក្នុងសកលភាវូបនីយកម្មផងដែរ ព្រោះអ្វីទាំងអស់នេះ គឺ“ជាមូលដ្ឋានគ្រឹះ នៃអាជីវកម្ម ដើម្បីឲ្យមានភាពរីកចម្រើន និងស្ថិរភាព។ យើងសង្ឃឹមថាអ្នកបង្កើតគោលនយោបាយរបស់ទីក្រុងប៉េកាំង នឹងបន្តចូលរួមក្នុងការសន្ទនាមួយក្នុងន័យស្ថាបនា ដោយរួមបញ្ចូលនូវទស្សនវិស័យពីក្រុមអ្នកស្រុក និងអ្នកវិនិយោគចម្រុះ។

លោក Roberta Lipson ស្ថាបនិកនៃ United Family Healthcare និងជាអនុប្រធានសភាពាណិជ្ជកម្មអាមេរិកក្នុងប្រទេសចិន បាននិយាយនៅក្នុងក្រុមតែមួយថា តម្លាភាព និងនិរន្តរភាពបន្ថែមទៀតនឹងត្រូវបានស្វាគមន៍ – ជាពិសេសតម្លាភាពកាន់តែច្រើននៅក្នុងបទប្បញ្ញត្តិ ដែលទាក់ទងនឹងការវិនិយោគផលប័ត្រ ការការពារទិន្នន័យ និងអំពើចារកម្មជាដើម។ ព្រោះថាអ្វីទាំងនេះសុទ្ធសឹងតែជាការតំណាងឱ្យការព្រួយបារម្ភដ៏ធំបំផុត ក្នុងចំណោមក្រុមហ៊ុនបរទេសនៅក្នុងប្រទេសចិន។

ការកត់សម្គាល់នេះបានកើតឡើង នៅពេលដែលសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកកំពុងជួបនឹងការថយចុះនូវទំនុកចិត្តក្នុងចំណោមអ្នកវិនិយោគបរទេស ដែលនាំឱ្យមនុស្សជាច្រើនពិចារណាលើការដកខ្លួនចេញពីប្រទេសចិន ខណៈពេលដែលសេដ្ឋកិច្ចរបស់ចិនបានធ្លាក់ចុះបន្ទាប់ពីការរីករាលដាលនៃមេរោគ Covid ១៩។

គួររំលឹកថា ការអនុវត្តន៍គោលនយោបាយដើម្បីសុវត្ថិភាពទិន្នន័យ និងច្បាប់ប្រឆាំងចារកម្ម គឺមានមាននៅក្នុងរបៀបវារៈការងារសម្រាប់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់អាមេរិកលោកស្រី Gina Raimondo ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រីនៅប្រទេសចិនកាលពីសប្តាហ៍មុន។

ការអត្ថាធិប្បាយរបស់លោកស្រី Raimondo ដែលថាក្រុមហ៊ុនអាមេរិកមួយចំនួនជឿថា ប្រទេសចិន “មិនអាចធ្វើការវិនិយោគបាន” ។ បើយោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងចន្លោះពីខែមករាដល់ខែកក្កដា បានធ្លាក់ចុះរហូតដល់ 9.8 ភាគរយបើធៀបនឹងឆ្នាំមុន មកនូវត្រឹម 111.8 ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។

ទីក្រុងប៉េកាំងបានចេញផ្សាយគោលការណ៍ណែនាំរបស់ខ្លួនកាលពីខែមុនក្នុងការដេញថ្លៃ ដើម្បីរក្សាអ្នកវិនិយោគបរទេស ដោយសន្យាថា នឹងមានប្រតិបត្តិការនៅក្នុងទីផ្សារកាន់តែច្រើន ហើយលំហូរទិន្នន័យឆ្លងព្រំដែននឹតកាន់តែលឿន បូករួមទាំងការចូលមកក្នុងប្រទេសចិនគឺមានការប្រើទិដ្ឋាការកាន់តែងាយស្រួលជាងមុន ក្នុងគោលបំណងទាក់ទាញអ្នកដែលមានទេពកោសល្យពីបរទេស។

បើទោះជាយ៉ាងណាក៏ដោយ ការវាយឆ្មក់របស់ទីក្រុងប៉េកាំង ទៅលើក្រុមហ៊ុនប្រឹក្សាយោបល់បរទេស និងច្បាប់ប្រឆាំងចារកម្ម ដែលបានអនុម័តនាពេលថ្មីៗនេះ នៅតែបន្តមានផលប៉ះពាល់យ៉ាងក្តៅគគុកលើសហគមន៍ធុរកិច្ចបរទេសដដែល។

តើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្រើវិធីសាស្រ្ត​អ្វីខ្លះ ​ដើម្បី​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន​កន្លងមក?

“ការពន្យារពេលនៃច្បាប់ពន្ធលើប្រាក់ចំណូលបុគ្គល គឺជាការស្វាគមន៍យ៉ាងខ្លាំងសម្រាប់សហគមន៍អាជីវកម្ម។ វាបានធ្វើឱ្យជីវិតកាន់តែងាយស្រួលសម្រាប់អង្គការ ដែលត្រូវនាំជនបរទេសមួយចំនួនធំចូល ជាឩទាហរណ៍ដូចជា សាលាអន្តរជាតិជាដើម»។

អ្នកតំណាងជាច្រើននៃអ្នកវិនិយោគបរទេសបានចង្អុលបង្ហាញពីបញ្ហាប្រឈមក្នុងការទិញយកទេពកោសល្យ ក៏ដូចជាបរិយាកាសរស់នៅ ដែលមិនអាចទទួលយកបានសម្រាប់បុគ្គលិកបរទេស។

“ទីក្រុងប៉េកាំងគឺជាតំបន់មួយដែលមានការរឹតត្បិតបំផុត ដើម្បីអាចជួលមនុស្សឱ្យធ្វើការនៅប្រទេសរបស់ខ្លួនបាន។ ក្រុមហ៊ុនរបស់យើងជាច្រើនចង់ជួលមនុស្សនៅក្នុងទីក្រុងប៉េកាំង ប៉ុន្តែដើម្បីធ្វើដូច្នេះបាន ពួកគេចាំបាច់ត្រូវចុះឈ្មោះអង្គភាពនៅទីនេះជាមុនសិន។ ការចុះឈ្មោះអង្គភាពនៅក្នុងទីក្រុងណាមួយផ្សេងទៀតនឹងត្រូវចំណាយប្រាក់ជាងមួយលានយ័នសម្រាប់មួយក្រុមហ៊ុន។ ដូច្នេះពួកគេត្រូវបានបង្ខំឱ្យប្រើអ្នកផ្តល់សេវាភាគីទីបី ដោយពួកគេត្រូវចំណាយប្រាក់ច្រើនជានេះទៅទៀត សម្រាប់ការជួល អ្នករត់ការឯកសារទាំងលើនេះ យើងអាចនិយាយបានថា វាជាផលលំបាករបស់អ្នកវិនិយោគជនបរទេស។

ទាហ៊ានរុស្ស៊ី​ ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន ត្រូវបានគេស្ទាក់ចាប់ដោយសេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន បានបង្ហាញថា ពួកគេមានការត្អូញត្អែរអំពីឧបករណ៍ប្រើប្រាស់មិនល្អ នឹងនាំឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ៥ ខែគញ្ញា ឆ្នាំ ២០២៣ បានឲ្យដឹងថាការរវាយលុករបស់អ៊ុយក្រែនគឺនៅក្នុងខែទីពីររបស់ខ្លួន នៅពេលដែលមានទហ៊ានម្នាក់ ដែលមានឈ្មោះថា Andrey បានទូរស័ព្ទទៅប្រពន្ធរបស់គាត់ ដើម្បីនិយាយថាអង្គភាពរបស់គាត់កំពុងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ។ គាត់បាននិយាយថា ពួកយើងត្រូវបានបំពាក់ឩបករណ៍ដ៏ធ្ងន់ ខ្ញុំមានអារម្មណ៍ថា ពេលនេះខ្ញុំដូចជាកងកម្លាំងសូវៀតម្នាក់ ដែលកំពុងស្ថិនៅក្នុងសង្គ្រាមលោកលើកទីពីរអញ្ចឹង។

        ទាហ៊ានរបស់រុស្ស៊ីម្នាក់ត្រូវបានគេចាប់យកសម្លេងបាន គឺលោក Andrey បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃទី 12 ខែកក្កដាថា “ពួកគេកំពុងធ្វើឱ្យយើងឆ្កួត” ដោយប្រៀបធៀបការវាយលុកទៅនឹងពេលវេលាដ៏អាក្រក់បំផុតនៃការលុកលុយរបស់អាល្លឺម៉ង់លើសហភាពសូវៀតដូច្នេះដែរ។ ព្រោះពួកយើង“គ្មានគ្រាប់កាំភ្លើងនោះទេ តើយើងគួរប្រើម្រាមដៃរបស់យើងជា bayonet ទេ?”

        ការសន្ទនានេះគឺជាការដកស្រង់ចេញពីការហៅទូរស័ព្ទចំនួន 17 របស់ទាហ៊ានរុស្ស៊ី ដែលកំពុងប្រយុទ្ធនៅភាគខាងត្បូង និងខាងកើតនៃអ៊ុយក្រែន ហើយពួកគេទាំងនោះត្រូវបានគេស្ទាក់ចាប់សម្លេងនៅក្នុងពីរសប្តាហ៍ដំបូងនៃខែកក្កដាដោយសេវាសន្តិសុខអ៊ុយក្រែន (SBU) ដែលជាទីភ្នាក់ងារស៊ើបការណ៍សំខាន់របស់ប្រទេស។

        ការស្ទាក់ចាប់យ៉ាងសន្ធឹកសន្ធាប់ ដែលចែករំលែកជាមួយ Reuters ដោយប្រភពស៊ើបការណ៍អ៊ុយក្រែន គឺបានផ្តល់ភាពកម្រមួយ បើទោះបីជាវាជាផ្នែកខ្លះក៏ដោយ។

        បន្ទាប់ពីរុស្ស៊ីបានរារាំងយុទ្ធនាការយោធារបស់អ៊ុយក្រែនយ៉ាងទូលំទូលាយ និងទទួលបានទឹកដីតិចតួចខ្លះៗក៏ពិតមែន តែចំពោះទាហ៊ានដែលស្ថិតនៅក្នុងស្ទាក់ចាប់ ពួកគេបានត្អូញត្អែរថាអង្គភាពរបស់ពួកគេបានទទួលរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរ ព្រោះតែកង្វះអាវុធយុទ្ធភ័ណ្ឌ ការហ្វឹកហ្វឺន និងឧបករណ៍ត្រឹមត្រូវ ក៏ដូចជា មេដឹកនាំមានសីលធម៌មិនល្អ។

        អ្នកសារព័ត៌បានដឹងថា ទាំងរុស្ស៊ី និងអ៊ុយក្រែនបានចាត់ទុកការខាតបង់របស់ពួកគេជារឿងសម្ងាត់របស់រដ្ឋ។ ហើយអ៊ុយក្រែន​បាន​ទទួល​ស្គាល់​ថា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន ​ក្នុង​ការ​ដណ្តើម​យក​ទឹកដី​មក​វិញ ​ត្រូវ​បាន​រារាំង​ដោយ​គ្រាប់​មីន​​ដ៏​ធំរបស់រុស្ស៊ី​ និង​ខ្សែ​ការពារ​ដែល​បាន​រៀបចំមក​យ៉ាង​ល្អ។ យើបានរំដោះភូមិជាច្រើន ប៉ុន្តែមិនបានយកមកវិញនូវការតាំងទីលំនៅធំដុំណាមួយនោះទេបើគិតមកទល់នឹងពេលនេះ ហើយជួរមុខនៅតែមិនផ្លាស់ទី ដែលធ្វើឱ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុង Kyiv មានការខកចិត្ត។

        ចំនែកឯខាងសារព័ត៌មាន Reuters មិន​អាច​កំណត់បាន​ថា ​តើ​តំណាង​នៃ​ការ​ស្ទាក់​ចាប់​មាន​លក្ខខណ្ឌ​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រុស្ស៊ី​បានដោយរបៀបណានោះ​ទេ។ តែបើយោងតាមប្រភព របស់អ្នកយកការណ៍របស់អ៊ុយក្រែនបាននិយាយថា ពួកគេបានបង្ហាញពីបញ្ហាប្រឈមដែលទាហ៊ានរុស្ស៊ីកំពុងតែជួបប្រទះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីរបៀបដែលពួកគេបានថតសំឡេងនោះដែរ។

        បើយោងតាមការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាមេរិក ដែលបានលេចធ្លាយតាមអ៊ីនធឺណិតក្នុងខែមេសាបានបង្ហាញថា រុស្ស៊ីមានទាហ៊ាន 35,500-43,000 នាក់ គឺត្រូវបានសម្លាប់ក្នុងសកម្មភាពក្នុងអំឡុងពេលជម្លោះនៅអ៊ុយក្រែន ហើយបើធៀបនឹងទាហ៊ានរបស់អ៊ុយក្រែនវិញ គឺមានប្រហែល 15,500-17,500តែប៉ុណ្ណោះ។ ខាងប្រទេសរុស្ស៊ីបាននិយាយថា ការប៉ាន់ប្រមាណរបស់អាមេរិកអំពីការខាតបង់របស់ខ្លួន គឺពិតជាខ្ពស់ពេកហើយ វាគ្រាន់តែជាការឃោសនាតែប៉ុណ្ណោះ។

គណបក្សចលនាឆ្ពោះទៅមុខ (MFP) នៅតែស្ទាក់ស្ទើរចំពោះតួនាទី ជាបក្សប្រឆាំង

គណបក្សផ្លាស់ទីទៅមុខ (MFP) នឹងរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញលើលក្ខណៈសម្បត្តិរបស់មេដឹកនាំគណបក្សរបស់ខ្លួន គឺលោក Pita Limjaroenrat មុនពេលបក្សត្រូវសម្រេចចិត្តថា តើត្រូវប្រកាន់យកតួនាទីជាមេដឹកនាំគណបក្សប្រឆាំងបន្តទៀតឬយ៉ាងណា នេះបើយោងតាមការចុះផ្សាយ របស់កាសែតបាងកកប៉ុស្ត នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៣។

អគ្គលេខាធិការ MFP លោក Chaithawat Tulaton បាននិយាយកាលពីថ្ងៃអង្គារថា លោកបានពិគ្រោះជាមួយប្រធានសភាលោក Wan Muhamad Nor Matha លើមុខតំណែងមេដឹកនាំបក្សប្រឆាំងក្នុងអំឡុងពេលកិច្ចប្រជុំក្រៅផ្លូវការមួយកាលពីថ្ងៃច័ន្ទនោះទេ។ ព្រោះតែពួកគេទាំងនោះ​បាន​ចែករំលែក​គ្នា ទាំងមុខងារ និងទួនាទីរួចរាល់ហើយផងដែរ។

ការ​ថ្លែង​របស់​លោក​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក Piyabutr Saengkanokkul អគ្គលេខាធិការ​នៃ​ចលនា​វឌ្ឍនភាព (PM) បាន​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ច័ន្ទ​ថា រហូត​មក​ដល់​ពេល​នេះ គ្មាន​នរណា​ម្នាក់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​កាន់​តួនាទី​ជា​មេ​បក្ស​ប្រឆាំង​ឡើយ។ សូមបញ្ជាក់ថា លោក Piyabutr ដែលជាអ្នកសិក្សាជំនាញផ្នែកច្បាប់ បានសហស្ថាបនិកគណបក្សអនាគតឆ្ពោះទៅមុខ(FFP) ដែលត្រូវបានរំលាយដោយសារប្រាក់កម្ចីខុសច្បាប់ ក្រោយមកគាត់ក៏បានសហការបង្កើត MFP ជំនួសវិញ។

លោក Chaithawat Tulaton បាននិយាយថា MFP នឹងរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញថាតើលោក Pita មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីកាន់មុខតំណែងនយោបាយ ដែលផ្តោតលើការកាន់កាប់ភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc ដែរឬទេ។

លោក Chaithawat បាននិយាយទៀតថា នីតិវិធីរបស់តុលាការនឹងមិនចំណាយពេលច្រើនទេ ប្រហែលជា 2 ឬ 3 ខែ តែប៉ុណ្ណោះ។

នៅថ្ងៃទី 19 ខែកក្កដា តុលាការបានព្យួរឈ្មោះមេដឹកនាំ MFP ដែលជាបេក្ខជននាយករដ្ឋមន្ត្រី ពីតួនាទីជាសមាជិកសភា។ នៅពេលនោះផងដែរ គឺមានសមាជិកសភាជាច្រើនបានជំទាស់នឹងបទប្បញ្ញត្តិរបស់សភា ដែលទាក់ទងនឹងភាពស្របច្បាប់នៃការតែងតាំងលោក Pita ឲ្យជានាយករដ្ឋមន្ត្រីថ្មី។ ហើយទីបំផុត មេដឹកនាំ MFP រូបនោះត្រូវបានគេបដិសេធជាលើកដំបូង។

តុលាការ​បាន​ប្រកាស​ព្យួរ​ការងារ​របស់​លោក​ Pita Limjaroenrat បន្ទាប់​ពី​ទទួល​យក​ពាក្យ​បណ្តឹង​មួយ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​ភាគហ៊ុន​មរតក​របស់​លោក Pita ក្នុង iTV Plc។ 

គណៈកម្មាធិការរៀបចំការបោះឆ្នោតបានផ្តល់អនុសាសន៍ដល់តុលាការថា លោក Pita ត្រូវបានដកហូតឋានៈជាសមាជិកសភា ដោយសារតែរូបលោក មានការកាន់កាប់ភាគហ៊ុននៅក្នុងអង្គការប្រព័ន្ធផ្សព្វផ្សាយ។ បន្ទាប់មកស្ថាប័ន​បោះឆ្នោត​ក៏​បាន​ស្នើ​ឲ្យ​តុលាការ​ព្យួរ​លោក Pita ​ពី​តួនាទី​ជា​សមាជិក​សភា​ ដោយ​ពិចារណា​លើ​ការ​សម្រេច​របស់​ខ្លួន។

លោក Pita មានវ័យ 43 ឆ្នាំ ដែលជាមេដឹកនាំគណបក្សឈ្នះការបោះឆ្នោតសកលនៅថ្ងៃទី 14 ខែឧសភាជាមួយនឹងអាសនៈសភាចំនួន 151 បានបរាជ័យក្នុងការដេញថ្លៃដំបូងរបស់គាត់នៅថ្ងៃទី 13 ខែកក្កដា ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។ លោក​មិន​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​សភា​ចំនួន​ជាង​ពាក់​កណ្តាល​នៃ​សភា​ទាំង​ពីរ​នោះ​ទេ។ ព្រោះថាសមាជិកព្រឹទ្ធសភា ដែលតែងតាំងដោយរបបយោធាភាគច្រើន បានបោះឆ្នោតប្រឆាំងនឹងគាត់ ឬអនុប្បវាទ។

កាលពីខែមុន ប្រធានសភាបាននិយាយថា MFP ចាំបាច់ត្រូវតែបង្ហាញជាផ្លូវការថា មេដឹកនាំរបស់ខ្លួនគឺលោក Pita មានបំណង លះបង់សិទ្ធិរបស់គណបក្ស  ក្នុងការកាន់តំណែងជាមេដឹកនាំគណបក្សប្រឆាំង។

ការ​លើក​ឡើង​របស់​លោក Wan Muhamad Nor Matha បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក Pita បាន​និយាយ​ក្នុង​អំឡុង​ពេល​សម្ភាសន៍​មួយ​ថា ទាំង​រូប​លោក និង MFP មិន​ចង់​បាន​តំណែង​មេបក្ស​ប្រឆាំង​នោះ​ទេ។ 

ប៉ុន្តែសម្រាប់សមាជិកបក្ស MFP វិញគឺចង់ឱ្យសមាជិកសភារបស់ខ្លួនលោក Phitsanulok Padipat Suntiphada បន្តកាន់តំណែងជាអនុប្រធានសភា។

លោក Chaithawat បាននិយាយថា MFP បានកោះប្រជុំសមាជិកសភាគណបក្សរបស់ខ្លួនកាលពីថ្ងៃអង្គារ ដើម្បីរៀបចំសម្រាប់ការពិភាក្សាលើគោលនយោបាយរបស់រដ្ឋាភិបាលថ្មី ដែលនឹងត្រូវបញ្ជូនទៅសភានៅថ្ងៃពុធ។លើការចាត់តាំងសមាជិកសភាទៅគណៈកម្មាធិការសភា តែត្រូវបានអគ្គលេខាធិការ MFP បាននិយាយថា ការបែងចែកអាសនៈសំខាន់ៗចំនួនពីរ ដែលគណបក្សចង់បានគឺ នៅតែមិនទាន់បញ្ចប់នៅឡើយ។ 

scroll to top