តារា​ចម្រៀង IU បរិច្ចាគ​ប្រាក់ ៣០០ លាន​វ៉ុន ដល់​ជន​រង​គ្រោះនៅប្រទេសកូរ៉េខាងត្បូង

កាលពីថ្ងៃទី 18 ខែកញ្ញា  តារាចម្រៀង-តារាសម្តែងស្រី IU បានបរិច្ចាគទឹកប្រាក់ចំនួន 300 លានវ៉ុន (226,159 ដុល្លារអាមេរិក) ដល់ក្រុមមូលនិធិ ដែលមានការខ្វះខាតក្នុងសេវាវេជ្ជសាស្រ្ត និងសុខុមាលភាព ហើយចំពោះជំនួសសប្បុរសធម៌នេះទៀតសោត គឺធ្វើឡើងដើម្បីរំលឹកខួបលើកទី 15 នៃការបង្ហាញខ្លួនលើកដំបូងរបស់នាង នេះបើយោងតាមការចុះផ្សាយរបស់យ៉ុនហាប់។

IU គឺជាតារាចម្រៀង តារាសម្តែង និងជាអ្នកនិពន្ធម្នាក់ នាងមានឈ្មោះពិតថា Lee Ji-eun នាងកើតនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩៩៣ ហើយនាងបានចុះកុងត្រាដំបូងជាមួយនឹង Loen Entertainment(Edam Entertainment) ក្នុងឆ្នាំ ២០០៧ ចំពោះបទចម្រៀងដែលនាងទទួលបាននូវប្រជាប្រិយភាពជាងគេគឺបទ Good Day។

សម្រាប់បទចម្រៀងទោលរបស់ IU ដែលមានចំណងជើងថា Palette (2017) បានក្លាយជាអាល់ប៊ុមដំបូងរបស់នាងដែលឈានដល់លេខ 1 នៅលើ តារាងអាល់ប៊ុមពិភពលោករបស់ Billboard ។ ហើយបន្ទាប់មកទៀត នាង បានក្លាយជាតារា K-pop ស្ត្រីទោលដំបូងគេ ដែលបានសម្តែងនៅ Olympic Gymnastics Arena កំឡុងជើងទីក្រុងសេអ៊ូលនៃ ដំណើរប្រគុំតន្ត្រី Love, Poem ឆ្នាំ 2019 ។ កាលពីឆ្នាំ២០២០ IU  ក៏បានក្លាយជាតារាចម្រៀងស្រីដំបូងគេផងដែរ ដែលបានឈានដល់លេខមួយក្នុងតារាង  Billboard World Digital Song Sales ។

ចំនែកកាលពីសប្តាហ៍មុន IU បាននិយាយថា នាងនឹងបរិច្ចាគ 100 លានវ៉ុនក្នុងម្នាក់ៗដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan ដែលជាសមាគមជាតិសុខុមាលភាពកុមារកូរ៉េ និងមន្ទីរពេទ្យកុមារ Seoul Metropolitan Children’s Hospital នេះបើយោងតាម ​​Edam Entertainment ។

ការបរិច្ចាគនេះផងដែរ បានធ្វើឡើងក្រោមឈ្មោះ “IUaena” ដែលរួមបញ្ចូលគ្នានូវឈ្មោះឆាករបស់ IU និងឈ្មោះអ្នកគាំទ្ររបស់នាងគឺ Uaena ។

បើយោងតាមទីភ្នាក់ងារបានឱ្យដឹងថា ប្រាក់នេះនឹងត្រូវបានប្រើដើម្បីព្យាបាលកុមារ វ័យជំទង់ និងអ្នកជំងឺមហារីកស្ត្រីដែលមានការលំបាកផ្នែកហិរញ្ញវត្ថុ និងដើម្បីផ្គត់ផ្គង់ថ្លៃព្យាបាលសម្រាប់ជនងាយរងគ្រោះ និងអ្នកដែលនៅមណ្ឌលសុខុមាលភាពកុមារ។

នាងបាននិយាយតាមរយៈទីភ្នាក់ងារនេះថា “ខ្ញុំចង់ចែករំលែកក្តីស្រឡាញ់ដែលខ្ញុំទទួលបានពីអ្នកគាំទ្ររបស់ខ្ញុំទៅកាន់អ្នកដែលនៅជុំវិញខ្ញុំ ហើយខ្ញុំជឿថា (ការបរិច្ចាគនេះ) នឹងក្លាយជាចំណុចចាប់ផ្តើមនៃការផ្លាស់ប្តូរតូចមួយសម្រាប់នរណាម្នាក់” ។

គួររំលឹកថា ការបរិច្ចាកមួយនេះវាមិនមែនជាលើកដំបូងសម្រាប់តារាចម្រៀងស្រីដ៏ល្បីឈ្មោះម្នាក់នេះនោះទេ ព្រោះកាលពីឆ្នាំ ២០១៨ IU បានបរិច្ចាក១០ លានវ៉ុន សម្រាប់ការលើកកម្ពស់ ការយល់ដឹងអំពី ជំងឺក្រិនសរសៃឈាមអាមីតូត្រូហ្វីក និង ៥០លានវ៉ុនបន្ថែមទៀតក្នុងឆ្នាំ ២០២៣។ ក្នុងឆ្នាំ ២០១៩ IU បានបរិច្ចាក៥០ លានវ៉ុនទៅមជ្ឈមណ្ឌលជំនួយមនុស្សចាស់គថ្លង់។ ចំនែកកាលពីខួបលើកទី ១១ របស់នាង IU បានបរិច្ចាក ១០០ លានវ៉ុនទៅកាន់ការិយាល័យស្រុក ហើយនៅចុងឆ្នាំនោះនាងក៏បានបរិច្ចាក ១០០ លានវ៉ុនបន្ថែមទៀតសម្រាប់មូលនិធិគាំទ្រប្រជាពលរដ្ឋផងដែរ។

ជំនួយមនុស្សធម៌របស់IU បានធ្វើឲ្យនាងក្លាយជាសប្បុរសជនម្នាក់ដែលមានឈ្មោះក្នុង បញ្ជី Forbes ‘ “Asia’s 2019 Heroes of Philanthropy ព្រមទាំងជាសប្បុរជនដែលក្មេងជាងគេបំផុតនៅក្នុងបញ្ជីមួយនេះ។

ប្រធានាធិបតីចិន លោក Xi Jinping ត្រូវបានគេសង្ស័យថា លោកបានដកតំណែងរដ្ឋមន្ត្រីជាន់ខ្ពស់២រូប

យោងតាមរយៈទីភ្នាក់ងារហុងកុងរបស់ស៊ីអិនអិន កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា នៅពេលចាប់ផ្តើមនៃអាណត្តិទី 3 ដែលមិនធ្លាប់មានពីមុនមក លោក Xi Jinping បានដាក់ចំណាត់ថ្នាក់កំពូលនៃ ក្រុមរដ្ឋមន្ត្រីដែលស្មោះត្រង់ ព្រោះលោកសង្ឃឹមថា វានឹងជួយឲ្យផ្លូវដែលលោកដើរគឺកាន់តែរលូន ដើម្បីសម្រេចបាននូវចក្ខុវិស័យដ៏ធំរបស់លោកក្នុងការដឹកនាំប្រទេសចិន។

បើយោងតាមអ្នកជំនាញរបស់ស៊ីអិនអិនបានបង្ហាញថា តិចជាងមួយឆ្នាំមកនេះ ព្យុះនៃភាពចលាចលមួយកំពុងធ្វើឱ្យឥស្សរជនដែលកំពុងតែកាន់អំណាច ពោលគឺជារដ្ឋមន្ត្រីដែលជ្រើសរើសដោយដៃរបស់លោក Xi Jinping ផ្ទាល់ បានក្លាយទៅជាសំណួរអំពីការវិនិច្ឆ័យរបស់គាត់ និងធ្វើឱ្យមានទំនុកចិត្តជាអន្តរជាតិចំពោះអភិបាលកិច្ចរបស់គាត់  គឺនៅពេលដែលប្រទេសចិនកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដ៏ធំនៅក្នុងផ្ទះ ហើយពិសេសជាងនេះទៅទៀតនោះ គឺការបង្កើនជាដៃគូរប្រកួតប្រជែងជាមួយនឹង សហរដ្ឋអាមេរិកនៅលើឆាកពិភពលោក។

បើយោងតាមអ្នកសង្កេតការណ៍ បាននិយាយប្រាប់ទីភ្នាក់ងារពត៌មានស៊ីអិនអិនថា ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ សមាជិកជាន់ខ្ពស់ពីររូបនៃគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន ដែលបានបម្រើការជាដៃគូសន្ទនាដ៏សំខាន់របស់ប្រទេសជាមួយពិភពលោកគឺត្រូវបានបាត់ខ្លួន។ ជាសម្គាល់ដោយក្នុងនោះរួមមាន រដ្ឋមន្ត្រីការពារជាតិលោក Li Shangfu មិនត្រូវបានគេឃើញជាសាធារណៈអស់រយៈពេល 3 សប្តាហ៍ ហើយវាបានបង្កឱ្យមានអ្នកវិភាគនយោបាយមួយចំនួនធំរំពឹងទុកថាគាត់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ ហើយបន្ទាប់ពីររយៈប៉ុន្មានសប្តាហ៍មុននេះ រដ្ឋមន្ត្រីការបរទេសលោក Qin Gang ត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីតំណែង។

ការអវត្តមានភ្លាមៗរបស់ពួកគេ បានកើតឡើងនៅពេលដែលលោក Xi កំពុងស្វែងរកការលុបបំបាត់ការគំរាមកំហែង និងភាពងាយរងគ្រោះណាមួយដែលត្រូវបានយល់ឃើញនៅក្នុងជំរុញមួយដើម្បីពង្រឹងសន្តិសុខជាតិ ស្របពេលដែលប្រទេសខ្លួនកំពុងមានភាពតានតឹងកាន់តែកើនឡើងជាមួយនឹងពួកលោកខាងលិច។

គួរបញ្ជាក់ថា ទាំងលោក Li Shangfu និង Qin Gang គឺបានចូលបម្រើការក្នុងចំណោមទីប្រឹក្សារដ្ឋទាំងប្រាំរបស់ប្រទេសចិន ដែលជាតំណែងជាន់ខ្ពស់នៅក្នុងគណៈរដ្ឋមន្ត្រីលើសពីរដ្ឋមន្ត្រីធម្មតា។  សម្រាប់លោក Li បានអង្គុយលើគណៈកម្មាការយោធាកណ្តាល ដែលជាស្ថាប័នដ៏មានឥទ្ធិពលមួយ ស្ថិតក្រោមការដឹកនាំរបស់លោក Xi ដែលបញ្ជាកងកម្លាំងប្រដាប់អាវុធ។

ទន្ទឹមនឹងនេះ ការដកតំណែងឧត្តមសេនីយកំពូលពីររូបខាងលើនេះ វាបានធ្វើឱ្យកក្រើកដល់កងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជនចិន ដែលជាអង្គភាពវរជនដែលបង្កើតឡើងដោយលោក Xi ដើម្បីធ្វើទំនើបកម្មសមត្ថភាពកាំជ្រួចធម្មតា និងនុយក្លេអ៊ែររបស់ប្រទេសចិន វាបានបង្កឱ្យមានការព្រួយបារម្ភអំពីការបោសសម្អាតយ៉ាងទូលំទូលាយនៅក្នុងវិស័យយោធា។

បច្ចុប្បន្នរដ្ឋមន្ត្រីចិនជាច្រើន កាន់តែមានភាពស្រពិចស្រពិល ក្រោមការដឹកនាំរបស់លោក Xi ដោយលោកបានផ្តល់ការពន្យល់ជាសាធារណៈតិចតួចបំផុតសម្រាប់ការរុះរើបុគ្គលិកជាបន្តបន្ទាប់ ហើយក៏មិនបានបង្ហាញពីចំណាប់អារម្មណ៍ណាមួយរបស់លោក ក្នុងការលុបបំបាត់មន្ទិលមន្ត្រីជាន់ខ្ពស់ដែលនៅក្បែរលោកនោះដែរ។

ក្នុងករណីលោក Qin Gang  កាលពីថ្ងៃអង្គារ បើយោតាមកាសែត Wall Street Journal បានរាយការណ៍ថា លោក Qin Gang ត្រូវបានគេរកឃើញដោយអ្នកស៊ើបអង្កេតរបស់បក្សកុម្មុយនិស្តអន្តរជាតិថា លោកមានជាប់ពាក់ព័ន្ធក្នុងរឿងទំនាក់ទំនងក្រៅផ្លូវការ ខណៈពេលដែលលោកកំពុងបម្រើការជាបេសកជនរបស់ប្រទេសចិនប្រចាំនៅក្នុងទីក្រុងវ៉ាស៊ីនតោន ។ ប៉ុន្តែរឿងនេះត្រូវបានក្រសួងការបរទេសចិនបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។

ហើយចំពោះលោក Li Shangfu វិញ លោកត្រូវបានពិភពលោកធ្វើកំណត់សម្គាល់ គឺបន្ទាប់ពីលោក Li ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មនៅឆ្នាំ 2018 ជុំវិញការទិញអាវុធពីរុស្ស៊ី ហើយបន្ទាប់មកទីក្រុងប៉េកាំងបានស្នើម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកនឹងមិនជួបជាមួយលោក Li ទេ លុះត្រាតែទណ្ឌកម្មត្រូវបានលុបចោល។

ក្រុមអ្នកវិភាគនយោបាយបាននិយាយថា ប្រសិនបើលោក Li ត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិពិតមែននោះ វាអាចបើកឱកាសសម្រាប់ការបន្តកិច្ចចរចាយោធាកម្រិតខ្ពស់រវាងមហាអំណាចទាំងពីរឡើងវិញ។

នាយក​រដ្ឋមន្ត្រី​ថ្មីរបស់ថៃ នឹងអញ្ជើញអ្នកវិនិយោគធំៗនៅក្នុងពិភពឲ្យមកវិនិយោគនៅប្រទេសរបស់ខ្លួន

នាយករដ្ឋមន្រ្តីថៃលោក ស្រេតថា ថាវីស៊ីន បាននិយាយថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk នឹងពិភាក្សាអំពីឱកាសវិនិយោគ ដែលអាចកើតមាននៅក្នុងប្រទេសថៃ ជាមួយគណៈប្រតិភូថៃនៅទីក្រុងញូវយ៉ក តាមរយៈសន្និសីទតាមទូរស័ព្ទ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣។

លោក ស្រេតថា ថាវីស៊ីន បានថ្លែងក្នុងពេលចូលរួមសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA78) នៅទីក្រុងញូវយ៉ក ដែលបានចាប់ផ្តើមនៅថ្ងៃច័ន្ទ ហើយនឹងបញ្ចប់នៅថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា បន្ទាប់ពីលោក ស្រេតថា ថាវីស៊ីន បានចូលកាន់អំណាច លោកបានដោះស្រាយបញ្ហាជាច្រើន ពោល ការបញ្ចុះតម្លៃអគ្គិសនី ការបញ្ចុះតម្លៃប្រេងឥន្ធនៈ ការតម្លើប្រាក់ឈ្នួលកម្មករអប្បរមា៤០០ បាត ក្នុងមួយថ្ងៃ  ហើយជាពិសេសនាពេលនេះ រដ្ឋាភិបាលថ្មីរូបនេះគ្រោងនឹងអញ្ជើញអ្នកវិនិយោគបរទេសឲ្យមកបណ្តាក់ទុននៅប្រទេសថៃ ថែមទៀតផង លោកបានថ្លែងថា លោកនឹងជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនឈានមុខគេនៅក្នុងពិភពលោកដូចជា Microsoft, Google និង Tesla ដើម្បីពិភាក្សា។

ដើម្បីជំរុញវិស័យសេដ្ឋកិច្ចក្នុងស្រុកឲ្យមានការរីកចំរើន លោក ស្រេត ថា ​បាន​ថ្លែង​ថា​៖ «​ឥឡូវ​នេះ មហាលសេដ្ឋីលំដាប់លេខមួយនៅក្នុងពិភពលោក លោកElon Musk បាន​ទទួល​យក​ការ​អញ្ជើញ​ ក្នុងការ​ចូល​រួម​កិច្ច​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​រដ្ឋាភិបាល​ថៃ​តាម​រយៈ​សន្និសីទ​ទូរគមនាគមន៍។

ក្រៅពីលោក Musk នាយករដ្ឋមន្ត្រីថ្មីបាននិយាយថា នាយកប្រតិបត្តិផ្សេងទៀតនៃក្រុមហ៊ុនល្បីឈ្មោះដែលបានទទួលយកការអញ្ជើញឱ្យចូលរួមកិច្ចពិភាក្សារួមមានអ្នកមកពី Microsoft, BlackRock, JP Morgan និង Estee Lauder  ជាដើម។

លោក ស្រេថា បាននិយាយថា គណៈប្រតិភូថៃនឹងណែនាំដល់នាយកប្រតិបត្តិនូវអ្វី ដែលថៃផ្តល់ជូនអ្នកវិនិយោគបរទេស។ នាយករដ្ឋមន្ត្រីបាននិយាយបន្ថែមទៀតថា លោកមានបំណងចង់គូសបញ្ជាក់សេវាថែទាំសុខភាពរបស់ប្រទេសថៃថាជាកម្លាំងមួយដើម្បីទាក់ទាញអ្នកវិនិយោគថែមទៀតផង។

មុន​នឹង​ការធ្វើដំណើរទៅ​កាន់ទីក្រុង​ញូវយ៉ក លោក ស្រេត ថា បាន​បង្ហោះ​លើ X (អតីត Twitter) ថា៖​ដំណើរ​កម្សាន្ត​នឹង​ផ្ដោត​លើ​ការ​បង្ហាញ​មុខមាត់​ថ្មី​សម្រាប់​ប្រទេស​ថៃ​លើ​ឆាក​អន្តរជាតិ។

លោក ស្រេតថា បាននិយាយពីគោលបំណងរបស់លោកថា “ខ្ញុំមានបំណងជំរុញសកម្មភាពដើម្បីសម្រេចបាននូវ SDGs [គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព] ប្តេជ្ញារក្សាពហុភាគីនិយម និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងតម្រូវការរបស់សហគមន៍ពិភពលោកនាពេលបច្ចុប្បន្ននេះ រួមទាំងការប្រែប្រួលអាកាសធាតុ ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ កំណើនបៃតង ។

លោកបានបន្ថែមថា “ចង់ស្វែងរកកិច្ចសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ទាំងសាធារណៈ និងឯកជន និងដើម្បីពង្រឹងទំនាក់ទំនងជាមួយអ្នកដឹកនាំផ្សេងទៀត ក្នុងការលើកកម្ពស់សន្តិភាព វិបុលភាព និងនិរន្តរភាពសម្រាប់ប្រជាជនថៃទាំងអស់គ្នា”។

ដោយក្នុងនោះអ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke មានប្រសាសន៍ថា លោក ស្រេតថា នឹងជួបជាមួយថ្នាក់ដឹកនាំជាតិ ប្រធានអង្គការអន្តរជាតិ និងបុគ្គលសំខាន់ៗនៅកម្រិតទ្វេភាគី និងពហុភាគី។

លោក បានបញ្ជាក់ទៀតថា គោលដៅ ១៧ របស់លោកស្រេតថា​ ថាវីស៊ីន គឺជាការដឹកនាំ ដោយគ្មានភាពក្រីក្រ; អត់ឃ្លាន; ប្រជាជនមានសុខភាពល្អនិងសុខុមាលភាព; ការអប់រំប្រកបដោយគុណភាព; សមភាព​យេនឌ័រ; ទឹកស្អាតនិងអនាម័យ; ធ្វើឲ្យទំនិញនៅក្នុងទីផ្សាមានតម្លៃសមរម្យ; ការងារសមរម្យ មានឧស្សាហកម្មច្រើន មានការច្នៃប្រឌិត និងហេដ្ឋារចនាសម្ព័ន្ធ; កាត់បន្ថយវិសមភាព; ទីក្រុង និងសហគមន៍ប្រកបដោយនិរន្តរភាព; ការប្រើប្រាស់និងផលិតកម្មប្រកបដោយការទទួលខុសត្រូវ; សកម្មភាពអាកាសធាតុ;  សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ; និងភាពជាដៃគូសម្រាប់គោលដៅ គឺដើម្បីឲ្យមានកំណើនសេដ្ឋកិច្ច។ គួរបញ្ជាក់ថា លោក ស្រេត ថា ក៏នឹងចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលលោកនឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃ ក្នុងការចូលរួមជាមួយសហគមន៍ពិភពលោកក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងបរិស្ថានផងដែរ។

​តារា​សម្ដែង Yoo Ah-in ត្រូវបានព្រះរាជ្ងាចេញដីកា​ចាប់​ខ្លួន​ជាលើកទី២ ក្នុងករណី​ប្រើ​ប្រាស់​គ្រឿង​ញៀន

ព្រះរាជអាជ្ញាបានដាក់ពាក្យសុំដីកាចាប់ខ្លួនតារាសម្ដែង Yoo Ah-in កាលពីថ្ងៃច័ន្ទ នេះវាជាលើកទី២ ហើយ ដែលបន្ទាប់ពីប៉ូលីបានរកឃើញភស្តតាងថា លោក Yoo ពិតជាមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។

បើយោងតាមការចុះផ្សាយរបស់ យ៉ុនហាប់បានឲ្យដឹងថា  ប៉ូលីសបានបញ្ជូនលោក Yoo ទៅកាន់អយ្យការកាលពីខែមិថុនាម្តងរួចហើយ សម្រាប់ការស៊ើបអង្កេតបន្ថែមលើការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនច្រើនជាងប្រាំបីប្រភេទ ដោយក្នុងនោះរួមមានកញ្ឆា៖ ប្រូផូហ្វូល កូកាអ៊ីន កេតាមីន ហ្សូលភីឌឹម មីដាហ្សូឡាម និងអាល់ប្រាហ្សូឡាម។ ចាប់តាំងពីពេលនោះមក ការិយាល័យរដ្ឋអាជ្ញាកណ្តាលក្រុងសេអ៊ូល ដែលទទួលបន្ទុកលើសំណុំរឿងរបស់លោក Yoo បានចាប់ផ្តើមការចោទប្រកាន់បន្ថែម ពីបទបទប៉ុនប៉ងបំផ្លាញភស្តុតាង ទន្ទឹមនឹងនោះរដ្ឋអាជ្ញាបានរកឃើញទៀតថា លោក Yoo បានធ្វើការបង្ខិតបង្ខំឲ្យមនុស្សជុំវិញខ្លួនជក់កញ្ឆាតាមខ្លួនផងដែរ។

គួរបញ្ជាក់ថា ចំពោះដីការចាប់ខ្លួន​ជា​លើក​ទី​ពីរនៅពេល​នេះ គឺធ្វើឡើងបន្ទាប់ពី​ តារាសម្តែងលោក Yoo Ah-in បាន​បដិសេធ​សំណើ​ដីកា​លើក​ទី​មួយ​ដែល​បាន​ដាក់​ដោយ​ប៉ូលិស​ក្នុង​ខែ​ឧសភា។

បើយោងតាមប្រភពខាងលើឲ្យដឹងថា ខាងរដ្ឋអាជ្ញាបានចោទប្រកាន់ លោក Yoo ពីការទទួលការចាក់ថ្នាំ propofol ក្នុងគោលបំណងព្យាបាលខុសពីវិជ្ជបញ្ជា ប្រហែល 200 ដង ដោយធ្វើឡើងនៅគ្លីនីកផ្សេងៗគ្នា នៅទូទាំងទីក្រុងសេអ៊ូលចាប់តាំងពីឆ្នាំ 2020 មកម្ល៉េះ ដោយលោកបានលើកយកហេតុផលមួយថា ព្រោះលោកស្ថិតនៅក្រោមនីតិវិធីកែសម្ផស្ស។

ប្រភពដដែលបាននិយាយទៀតថា បើយើងបូកសរុបការចំណាយនៃការចាក់ថ្នាំរបស់តារាសម្តែងប្រុសរូបនេះ គឺមានតម្លៃប្រហែល 500 លានវ៉ុន (377,500 ដុល្លារសហរដ្ឋអាមេរិក) នេះបើយោងតាមព្រះរាជអាជ្ញា។
          គួររំលឹកថា តារាសម្តែង Yoo Ah-in ក៏ធ្លាប់បានប្រើឈ្មោះអ្នកដ៏ទៃ ដើម្បីទិញថ្នាំងងុយដេកដោយខុសច្បាប់ចំនួន 1,000 គ្រាប់ ខណៈដែលលោកប្រើប្រាស់កូកាអ៊ីន កញ្ឆា និងថ្នាំដទៃទៀតរួមគ្នាជាមួយមនុស្ស 4 នាក់ផ្សេងទៀត ក្នុងកំឡុងពេលដែលពួកគេស្នាក់នៅសហរដ្ឋអាមេរិកកាលពីខែមករា។

scroll to top