ប្រទេសប្រេស៊ីលនឹងក្លាយជាទីផ្សារដ៏សំខាន់មួយ សម្រាប់ការនាំចេញគ្រឿងសមុទ្ររបស់ប្រទេសវៀតណាមនាពេលខាងមុខ នេះបើយោងតាមការចុះផ្សាយពី វៀតណាមញូ នៅថ្ងៃទី 22 ខែមេសា ឆ្នាំ 2025។
ប្រេស៊ីលគឺជាប្រទេសមួយដែលនាំចូលគ្រឿងសមុទ្រមិនតិចជាង 1.4 ពាន់លានដុល្លារនោះទេនៅក្នុងមួយឆ្នាំ។ បើទោះបីជាប្រេស៊ីលមានសិប្បកម្មកែច្នៃគ្រឿងសមុទ្រ និងមានក្រុមអ្នកនេសាទច្រើនយ៉ាងណាក៏ដោយ តែសម្រាប់ការផ្គត់ផ្គង់ដូចជាប្រភេទត្រី salmon ត្រី cod បង្គា និងត្រីស ពួកគេនៅតែពឹងផ្អែកលើការនាំចូលដដែល។
ចំពោះតម្រូវការសម្រាប់ប្រជាជនច្រើនជាង 200 លាននាក់ ក្នុងការទទួលទានអាហារសមុទ្រជាមធ្យមសម្រាប់មនុស្សម្នាក់ៗគឺមានយ៉ាងតិច 12 គីឡូក្រាមក្នុងមួយឆ្នាំ។ VNS បានចុះផ្សាយទៀតថា តម្រូវការដែលមានច្រើនជាងគេនៅក្នុងប្រេស៊ី គឺត្រូវបានប្រមូលផ្តុំជាពិសេសនៅក្នុងមជ្ឈមណ្ឌលទីក្រុងធំៗដូចជា សៅប៉ូឡូ រីយ៉ូ ដឺ ហ្សាណេរ៉ូ និងតំបន់ឆ្នេរជាដើម។
កាលពី ក្នុងឆ្នាំ 2024 ការនាំចេញអាហារសមុទ្រ និងគ្រឿងសមុទ្រ របស់វៀតណាមទៅកាន់ប្រទេសប្រេស៊ីលបានឈានដល់ជិត 130 លានដុល្លារ ពោលគឺកើនឡើងប្រមាណ 14 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។វៀតណាមបានក្លាយទៅជាអ្នកផ្គត់ផ្គង់គ្រឿងសមុទ្រធំទីពីររបស់ប្រេស៊ីលក្នុងឆ្នាំ 2024 ដែលស្មើនឹង 17 ភាគរយនៃការនាំចូលសរុប ហើយក៏ជាអ្នកនាំមុខផ្នែកត្រីសាច់ពណ៌ស ជាមួយនឹងចំណែកទីផ្សារប្រហែល 38 ភាគរយផងដែរ។
បច្ចុប្បន្នអាហារសមុទ្រវៀតណាមកំពុងទទួលបានការពេញចិត្តខ្លាំងជាងគេនៅក្នុងប្រទេសប្រេស៊ីល ទីមួយគឺដោយសារតម្លៃ ហើយអ្វីដែលកាន់តែពិសេសនោះគឺគុណភាព។ ដើម្បីឆ្លើយតបដល់ការផ្គត់ផ្គង់របស់វៀតណាម ឆ្នាំ 2025 នេះ ប្រេស៊ីលបានប្រកាសថា ខ្លួននឹងធ្វើជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម។ យ៉ាងណាមិញ ការចាប់យកជាដៃលើកនេះពួកគេទាំងពីរបានប្រកាសទៀតថា ប្រទេសទាំងពីនឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដែលមានតម្លៃជាទឹកប្រាក់រហូតឱ្យដល់ 10 ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។
គួរបញ្ជាក់សារជាថ្មីថា បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសតំឡើងពន្ធលើប្រទេសវៀតណាម 46% រួចមក រដ្ឋាភិបាលវៀតណាមក៏ពាក្យចរចាជាមួយប្លុកពាណិជ្ជកម្ម MERCOSUR របស់សហភាពអ៊ឺរ៉ុប ហើយក្នុងនោះលោកមានក្តីសង្ឃឹមមួយថា វៀតណាមនឹងមានស្ថេរភាពខាងសេដ្ឋកិច្ចដែលល្អប្រសើរជាងនេះ ប្រសិនបើខ្លួនអាចយកដៃឈ្នះដៃគូរប្រកួតប្រជែងដូចជាឥណ្ឌា និងថៃ។
