ក្រុមហ៊ុនផលិតរថយន្ត Ford ដែលប្រចាំនៅប្រទេសថៃ បានប្រកាសថា ខ្លួននៅតែវិនិយោគនៅក្នុងប្រទេសមួយនេះបន្តទៀត បើទោះបីជាទីផ្សាររថយន្តក្នុងស្រុកធ្លាក់ចុះក៏ដោយ។
ថ្វីត្បិតការលក់រថយន្តបច្ចុប្បន្នមានការធ្លាក់ចុះតិចតួចក៏ដោយ ប៉ុន្តែពួកយើងសុទ្ធតែដឹងថាវាគឺបណ្តាលមកពីកក្តាជាច្រើនដែលបានកើតឡើងនៅទូទាំងសាកល។ បើយោងទៅតាមការរៀបរាប់ពីលោក Ratthakarn Jutasen នាយកគ្រប់គ្រងក្រុមហ៊ុន Ford Thailand បានមានប្រសាសន៍ថា ប្រជាជនទូទៅគឺមិនអាចមានលទ្ធភាពទិញផ្តាច់យកទៅប្រើប្រាស់បាននោះទេ យ៉ាងណាមិញក្នុងនោះគឺវាកើតឡើងដោយសារតែការវិនិច្ឆ័យមួយដ៏តឹងរ៉ឹងពីខាងធនាគារ និងក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានរថយន្តសម្រាប់ប្រាក់កម្ចីរថយន្ត ហេតុដូច្នេះហើយទើបពួកគេមិនអាចទិញនូវរថយន្តដែលខ្លួនចង់បាន។
គួរបញ្ជាក់ថា រថយន្ត Ford ដែលជាប្រភេទរថយន្តភីកអាប់ គឺមានប្រជាប្រិយភាពសម្រាប់ជនជាតិថៃជាយូយាណាស់មកហើយ។ លោកបាននិយាយបន្តថា ប៉ុន្តែក្រុមហ៊ុននៅតែផ្តោតលើការវិនិយោគរយៈពេលវែង ព្រោះតែក្រុមហ៊ុនបានជឿជាក់ថា ប្រទេសថៃនៅតែមានសក្ដានុពលខ្ពស់នៅក្នុងឧស្សាហកម្មរថយន្ត។
គួររំលឹកថា ការលក់រថយន្ត Fordបានធ្លាក់ចុះ ពី 1.7 លានគ្រឿងកាលពីឆ្នាំ 2023 ដោយមកនៅត្រឹម1.5 លានគ្រឿងសម្រាប់ឆ្នាំ 2024។ បើយោងតាម FTI វិញពួកគេបានបង្ហាញទៀតថា ការលក់រថយន្តភីកអាប់ក្នុងខែតុលាគឺបានថយចុះ 41.6% ពីមួយឆ្នាំទៅមួយឆ្នាំ ។ ដើម្បីជាដំណោះស្រាយ និងបញ្ជៀសការបិទរោងចក្រផលិតរថយន្តមួយនេះនៅក្នុងប្រទេសថៃ កាលពីថ្មីៗនេះខាងកាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយថា ក្រុមហ៊ុន Ford បានជួបជាមួយនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ដើម្បីពិភាក្សាអំពីទីផ្សាររថយន្ត និងផែនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសថៃ។
