ការសាងសង់​វារីវប្បកម្មនៅសមុទ្រខាងលិចរបស់ចិន វាត្រូវបានកូរ៉េខាងត្បូងលើកឡើងថា ជាការបំពានអធិបតេយ្យភាពដែនសមុទ្រ

ភាពតានតឹងរវាងប្រទេសកូរ៉េ និងចិនបានផ្ទុះឡើងម្តងទៀតហើយកាលពីដើមសប្តាហ៍នេះ ខណៈដែលភាគីទាំងពីរបានជជែកគ្នាអំពីរចនាសម្ព័ន្ធរបស់ចិនដែលបានដំឡើងនៅសមុទ្រខាងលិចក្នុងអំឡុងពេលកិច្ចសន្ទនាកម្រិតខ្ពស់ដែលបានធ្វើឡើងកាលពីថ្ងៃពុធ នេះបើយោងតាមការរាយការណ៍ពីក្រសួងការបរទេសរបស់កូរ៉េខាងត្បូង។

តាមដានយើងតាមរយៈ Telegram CPN Daily

ចំណុចសំខាន់នៃភាពល្អក់កកររវាងប្រទេសទាំងពីរខាងលើនេះ គឺដោយសារតែកាលពីពេលថ្មីៗនេះប្រទេសចិនបានសាងសង់ស្ថានីយ៍មួយកន្លែងដែលស្ថិតនៅក្នុងតំបន់វិធានការបណ្តោះអាសន្ន (PMZ) ដែលជាតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសទាំងកូរ៉េខាងត្បូង -ចិន គឺនៅឯសមុទ្រខាងលិច។

រដ្ឋាភិបាលកូរ៉េខាងត្បូង​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​រចនាសម្ព័ន្ធរបស់ប្រទេសចិនមួយនេះ ​ដោយលោកបាន​និយាយ​ថា ចិនកំពុងតែចង់​រំលោភ​លើ​សិទ្ធិ​ដែន​សមុទ្រ​របស់ប្រទេស​ខ្លួន ហើយវានិង​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​ដល់​សន្តិសុខ​ក្នុង​តំបន់ជាមិនខាន។

បើយោងតាមការរៀបរាប់ពីមន្ត្រីរបស់ប្រទេសចិនពួកគេបាននិយាយរៀបរាប់ថា គ្រឿងបរិក្ខារទាំងអស់នោះ គឺចិនមានគោលបំណងសាងសង់សម្រាប់កសិកម្មតាមសមុទ្រប៉ុណ្ណោះ  ហើយវាមិនបង្ករឲ្យមានបញ្ហាប៉ះពាល់ដល់អធិបតេយ្យភាព ឬព្រំដែនផ្លូវទឹកនោះឡើយ។

បើទោះបីជាភាគីទាំងពីរមិនបានដោះស្រាយការខ្វែងគំនិតគ្នាក្នុងអំឡុងពេលកិច្ចប្រជុំកាលពីថ្ងៃពុធនេះយ៉ាងណាក៏ដោយ ក៏ពួកគេបានយល់ព្រមបន្តការពិភាក្សាតាមរយៈអនុគណៈកម្មការពីរដែលទើបបង្កើតថ្មីដដែល។ ទីមួយគឺការផ្តោតលើបញ្ហារសើបដូចជារចនាសម្ព័ន្ធសមុទ្រខាងលិច និងការនេសាទខុសច្បាប់។ ពីរ គឺការត្រួតពិនិត្យកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានា រួមទាំងការពង្រឹងស្តុកត្រី និងការស្វែងរកការជួយសង្គ្រោះតាមសមុទ្រជាដើម។

scroll to top