រលកទីពីរនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក មកលើប្រទេសយេម៉ែន

ក្រុមឧទ្ទាម Houthis បាននិយាយថា មានមនុស្សយ៉ាងតិច 12 នាក់បានស្លាប់ និង 30 នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកទៅលើរដ្ឋធានីនៃប្រទេសយេម៉ែន។ បើយោងតាមការចុះផ្សាយពី Euro News នៅថ្ងៃទី 21 ខែមេសា ការស្លាប់នេះ វាត្រូវបានគេចាត់ទុកថា វាជាសញ្ញាចុងក្រោយបង្អស់នៅក្នុងយុទ្ធនាការវាយប្រហាររបស់ទីក្រុងវ៉ាស៊ីនតោន ដោយសំដៅទៅលើក្រុមឧទ្ទាមដែលគាំទ្រដោយអ៊ីរ៉ង់។

តាមដានយើងតាមរយៈ Telegram CPN Daily

មានវីដេអូ និងរូបភាពដែលចាក់ផ្សាយដោយបណ្តាញព័ត៌មានផ្កាយរណប al-Masirah របស់ក្រុម Houthis បានបង្ហាញថា ការវាយប្រហាររបស់អាមេរិកមកលើសង្កាត់ Farwa និង​សង្កាត់ Shuub នៃ​ក្រុង Sanaa វាបានបង្ករឲ្យមានការខូចខាតរថយន្តជាច្រើនគ្រឿង និងផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនបានរងនូវការខូចខាតជាដើម។

គួរបញ្ជាក់ថា ការវាយប្រហារលើកនេះគឺកើតឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកទៅលើកំពង់ផែប្រេង Ras Isa កាលពីសប្តាហ៍មុន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 74 នាក់ និងរបួស 171 នាក់ផ្សេងទៀតបានរងរបួស។

ក្រុមឧទ្ទាម Houthis បានធ្វើកំណត់សម្គាល់ទៀតថា ចាប់តាំងពីលោកប្រធានាធិបតី Donald Trump បានចាប់ផ្តើមយុទ្ធនាការយោធាថ្មីប្រឆាំងនឹងខ្លួនកាលពីខែមុនមក ការវាយឆ្មក់តាមផ្លូវអាកាសគឺចេះតែកើតឡើងបន្តបន្ទាប់។

យ៉ាងណាមិញ ការវាយប្រហារនេះ កើតស្របពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងតែបន្តកិច្ចចរចានៅទីក្រុងរ៉ូម ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ ដោយក្នុងនោះខាងទីក្រុងវ៉ាស៊ីនតោន បានផ្សារភ្ជាប់វាទៅនឹងការវាយប្រហាររបស់ខ្លួននៅក្នុងប្រទេសយេម៉ែន ដើម្បីកំលាចអ៊ីរ៉ុង។

scroll to top